ព័ត៌មានអន្តរជាតិ

អភិបាលក្រុង Nikolayev របស់អ៊ុយក្រែន គ្រោងបិទក្រុងចាប់អ្នកឃុបឃិតជាមួយរុស្ស៊ី

បរទេស៖ ក្រុង Nikolayev ភាគនិរតីនៃប្រទេសអ៊ុយក្រែន គ្រោងនឹងដាក់ចូលទៅក្នុង ការបិទខ្ទប់ទាំងស្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមអភិបាលក្រុងលោក Vitaliy Kim បានបង្ហើបឱ្យដឹងថា។ លោកបានប្រាប់កាសែត The Telegraph ក្នុងបទសម្ភាសន៍មួយថា វិធានការខ្លាំងគឺចាំបាច់ដើម្បីចាប់អ្នកស៊ើបការណ៍ និងអ្នកបំផ្លិចបំផ្លាញដែលគេជឿថាកំពុងឃុបឃិតជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក KIM បានបង្ហើបថា រហូតមកដល់ពេលនេះ អាជ្ញាធរក្រុង និងយោធាបានឃុំខ្លួនបុគ្គលចំនួន ១២ នាក់ដែលត្រូវបានគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ី ចំពេលមានជម្លោះដែលកំពុងបន្ត។

នៅពេលសួរអំពីចំនួននៃ “អ្នកស៊ើបការណ៍” ដែលត្រូវបានចោទប្រកាន់ អភិបាលក្រុងបានសារភាពថា លោកសង្ស័យថាមនុស្សគ្រប់គ្នា នៅក្នុងទីក្រុងគឺជាជនក្បត់។

Kim បាននិយាយថា “ខ្ញុំសង្ស័យគ្រប់គ្នា” ដោយបន្ថែមថា លោកមាន “យុទ្ធសាស្ត្រលាក់កំបាំង” ដើម្បីស្វែងរក និងចាប់អ្នកស៊ើបការណ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top