ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមានថា អាមេរិកឈាន ដល់ដំណាក់កាលដ៏សំខាន់ ជាមួយនឹងករណី ជំងឺ អុតស្វា កើនឡើងជិត ៣០០០ករណី

វ៉ាស៊ីនតោន ៖ អ្នកជំនាញផ្នែកសុខភាព សាធារណៈបានព្រមានថា សហរដ្ឋអាមេរិក កំពុងអស់ពេល ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺអុតស្វា ខណៈករណីជំងឺ អុតស្វាជិត ៣០០០ករណី ត្រូវបានរាយការណ៍ នៅក្នុងប្រទេស ។

រដ្ឋញូវយ៉កមានករណីច្រើនជាងគេ ដោយមាន ៩០០ ករណី តាមពីក្រោយ ដោយរដ្ឋកាលីហ្វ័រញ៉ា មាន ៣៥៦ នាក់ និងរដ្ឋផ្លរីដា មាន ២៤៧ ករណី នេះបើយោងតាមទិន្នន័យ ចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) ។

អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បង នៅសហរដ្ឋអាមេរិក មានការជាប់គាំង ករណីជំងឺអុតស្វា ទំនងជាត្រូវបានរាប់មិនអស់ ។

CDC បានបញ្ជាក់ករណីពីរនៃជំងឺស្វា ចំពោះកុមារកាលពីថ្ងៃសុក្រ។ ករណី មួយគឺ កុមារដែលទើបចេះដើរ តេះតះ ដែលជាអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា និងម្នាក់ទៀតជាទារក ដែលមិនមែនជាអ្នក រស់នៅសហរដ្ឋអាមេរិក ។

មន្ត្រី សុខាភិបាលសាធារណៈ កំពុងស៊ើបអង្កេតពីរបៀប ដែលកុមារឆ្លង មេរោគ។ CDC បានឲ្យដឹងថា ករណីទាំងពីរនេះមិនទាក់ទងគ្នាទេ ហើយប្រហែលជាលទ្ធផល នៃការឆ្លងតាមផ្ទះ។

អង្គការសុខភាពពិភពលោក បានប្រកាសថាការផ្ទុះឡើង នៃជំងឺស្វាជាគ្រាអាសន្នសុខភាព សាធារណៈនៃការព្រួយបារម្ភ ជាអន្តរជាតិកាលពីថ្ងៃសៅរ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top