ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អាល្លឺម៉ង់ បញ្ជាក់ពីការបញ្ជូន ប្រព័ន្ធរ៉ុក្កែត ឱ្យអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ទីក្រុងប៊ែរឡាំង បានប្រគល់អាវុធធុនធ្ងន់ថ្មី មួយជូនដល់ទីក្រុងគៀវ ។ លោកស្រីបាននិយាយថា ការដឹកជញ្ជូននេះរួមបញ្ចូលទាំង ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើន លើកដំបូង ដែលសន្យាដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Lambrecht បានប្រាប់អ្នកសារព័ត៌មានថា “ការសន្យាបញ្ជូនរ៉ុក្កែត Mars II និងកាំភ្លើងធំចំនួនបីផ្សេងទៀត ត្រូវបានប្រគល់ឱ្យ” ។ លោកស្រីបានបន្ថែមថា «យើងរក្សាពាក្យសន្យារបស់យើង»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ យ៉ាងហោចណាស់ប្រព័ន្ធរ៉ុក្កែត Mars-II ចំនួនបីត្រូវបានបញ្ជូន ទៅកាន់ទីក្រុងគៀវ។

Mars-II គឺជាការកែប្រែនៅទ្វីបអឺរ៉ុប នៃគ្រាប់រ៉ុក្កែតច្រើនប្រភេទ MLRS M270 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើង ដោយប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងបារាំង ។ យោងតាមក្រុមហ៊ុន KMW របស់អាឡឺម៉ង់ ដែលជាអ្នកផលិតប្រព័ន្ធមួយ Mars-II អាចបាញ់បានដល់ទៅ ១២ គ្រាប់មីសីលក្នុងមួយនាទីក្នុងរយៈចម្ងាយជាង ៧០ គីឡូម៉ែត្រ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ វាអាចបាញ់កាំជ្រួចដឹកនាំដោយប្រើប្រាស់ប្រព័ន្ធ GPS ឬកាំជ្រួចទម្លាក់មីន ៕

To Top