ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីកូរ៉េខាងត្បូង នឹងមិនជួបលោកស្រី Nancy Pelosi ខណៈការិយាល័យលោកថា លោកនៅក្នុងថ្ងៃឈប់សម្រាករដូវក្តៅ

បរទេស ៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ជាមួយនឹង ការបន្តប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារ លទ្ធិប្រជាធិបតេយ្យនៅលើកោះគ្រប់គ្រង ដោយខ្លួនឯងមួយនេះ បើទោះបីជាមានការតវ៉ាយ៉ាងខ្លាំងក្លា ពីប្រទេសចិនក៏ដោយ គឺប្រធានសភា សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi នឹងជួបជាមួយមន្ត្រីកូរ៉េខាងត្បូង នៅក្នុងដំណើរទស្សនកិច្ច របស់លោកស្រី ។ យោងតាមការិយាល័យរបស់ Yoon ប្រធានាធិបតី កូរ៉េខាងត្បូង បានឱ្យដឹងថា លោកស្រីនឹងពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-Yeol តាមទូរស័ព្ទ ខណៈដែលលោកនឹង មិនជួបជាមួយ Pelosi ដោយផ្ទាល់នោះទេ ។

យោងតាមសារព័ត៌មាន Republic World ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការិយាល័យរបស់ប្រធានាធិបតី គឺលោក Yoon Suk-Yeol បច្ចុប្បន្នកំពុង នៅក្នុងពេលវេលា សម្រាកលំហែរកាយ ហើយបានបញ្ជាក់ថា មិនមានការជួបមុខគ្នា ណាមួយ ត្រូវបានរៀបចំឡើង រវាងលោកស្រី Pelosi ជាមួយនឹងលោក Yoon នោះទេ។

គួរកត់សម្គាល់ថា លោក Yoon បានចូលកាន់តំណែង នៅខែឧសភាឆ្នាំនេះ ជាមួយនឹងការសន្យាជំរុញ សម្ព័ន្ធភាពយោធារបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជាមួយ នឹងការបង្កហេតុដែលមិនធ្លាប់មានពីមុន មករបស់កូរ៉េខាងជើង។ បើទោះជាយ៉ាងនេះក្តី លោកបានជ្រើសរើសបន្តដំណើរកម្សាន្តថ្ងៃសម្រាករបស់លោក ដោយខកខានកិច្ចប្រជុំ ជាមួយមន្ត្រីកំពូល របស់សហរដ្ឋអាមេរិក។

វាជារឿងសំខាន់ដែលត្រូវកត់ សម្គាល់នៅទីនេះថា រដ្ឋាភិបាលចិនបានព្រមានតៃវ៉ាន់ អំពីស្ថានភាពដ៏ធ្ងន់ធ្ងរមួយជុំវិញ ការអនុញ្ញាតឱ្យលោក Pelosi ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ។ ចិនបានបញ្ជូនយន្តហោះចំនួន ២៧គ្រឿង ទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះ របស់លោក Pelosi បានចាកចេញពីទីក្រុងតៃប៉ិ ។
ថ្វីបើមានការព្រមានយ៉ាងម៉ឺងម៉ាត់ អំពីស្ថានការណ៍មិនអំណោយផលក៏ដោយ ក៏ប្រធានសភាសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចទៅកាន់កោះនេះ ម៉្យាងវិញទៀត ប្រធានសភា អាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពណ៌នាដំណើរទេសចរណ៍ របស់លោកស្រីថាជា “សេចក្តីថ្លែងការណ៍ដ៏រឹងមាំ ដែលអាមេរិកនៅឈរជាមួយ កោះតៃវ៉ាន់” ។ លោកស្រីបាននិយាយថា ដំណើរទស្សនៈកិច្ច គឺជាផ្នែកមួយ នៃការធ្វើដំណើរទូលំទូលាយ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្តោតលើសន្តិសុខ ភាពរុងរឿង និងអភិបាលកិច្ច ៕

ប្រែសម្រួលៈ ណៃ តុលា

To Top