ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ត្រឡប់​ទៅរកទិន្នផល​ប្រេង ដូចទៅនឹងកម្រិត​មុន​ការ​ដាក់​ទណ្ឌកម្ម

តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនផលិតកម្មប្រេងឆៅរបស់ខ្លួនទៅកាន់កម្រិតមុនការដាក់ទណ្ឌកម្មនៅពេលវេលាដំបូងបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើកទី៣១ ដែលត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូ រាយការណ៍ពីគេហទំព័ររបស់ក្រសួងប្រេងអ៊ីរ៉ង់។

លោក Owji បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលលោកខាងលិចធំៗនឹងយល់បានត្រឹមត្រូវអំពីស្ថានភាពរសើប និងសំខាន់នាពេលបច្ចុប្បន្នរបស់ពិភពលោក ហើយទទួលយកវិធីសាស្រ្តសមហេតុផលឆ្ពោះទៅរកការធានាសន្តិសុខថាមពលសកល។

ផ្ទាំងពាណិជ្ជកម្ម

លោក​បាន​ព្រមាន​ថា រដូវរងា​ឆ្នាំ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ពិភពលោក​ទាំងមូល ជាពិសេស​អឺរ៉ុប ដោយ​អំពាវនាវ​ឲ្យ​អឺរ៉ុប​គិតគូរ​ដំណោះស្រាយ​ជាមុន។

រដ្ឋមន្ត្រីបានបន្ដថា អ៊ីរ៉ង់បានលើកឡើងជាញឹកញាប់នូវភាពចាំបាច់នៃការលុបចោលនយោបាយលើវិស័យថាមពល ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់នៃប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ទីផ្សារពិភពលោក អាចជួយស្ដារតុល្យភាព និងស្ងប់ស្ងាត់ដល់ទីផ្សារ។

លោកបានបន្ថែមថា អ៊ីរ៉ង់ តែងតែប្រកាន់ជំហរថា ការធ្វើឱ្យខូចសន្តិសុខថាមពលសកល និងការបង្កើនភាពប្រែប្រួលទីផ្សារ គឺជាល្បែងសូន្យសម្រាប់អ្នកលេងទាំងអស់៕ប្រែសម្រួល ឈូក បូរ៉ា

To Top