ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ ប្រទេសចិនមិនអើពើ ការហៅទូរស័ព្ទ ពីមន្ទីរប៉ង់តាហ្គោន ជាច្រើនលើក

CNN៖ ខណៈដែលចិនបន្តធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ ក្នុងការសងសឹក ចំពោះដំណើរទស្សនកិច្ច បែបញុះញង់ របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ ក្នុងសប្តាហ៍នេះ មន្ត្រីយោធាកំពូលបស់ចិន បានបដិសេធមិនតប ចំពោះការហៅទូរស័ព្ទ ពីសមភាគី គឺមន្ទីរប៉ង់តាហ្គោន នេះបើយោងតាម Politico ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ថា បានច្រានចោលការហៅ ទូរស័ព្ទដងជាច្រើន ពីរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin និងប្រធានអគ្គសេនាធិការ ចម្រុះលោក Mark Milley ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាមប្រភព ពីមនុស្សបីនាក់ ដែលដឹងអំពីរឿងនេះ។ ទំនាក់ទំនងដែលបានបញ្ជាក់ចុងក្រោយរបស់លោក Milley ជាមួយប្រធានអគ្គសេនាធិការចម្រុះរបស់ចិន លោកឧត្តមសេនីយ៍ Li Zuocheng បានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ខណៈដែលលោក Austin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe ដោយផ្ទាល់នៅក្នុងខែមិថុនា។

កាលពីថ្ងៃសុក្រ ក្រុងប៉េកាំង បានសម្រេច កាត់ចំណងការទូត ជាមួយក្រុងវ៉ាស៊ីនតោន ក្នុងផ្នែកយោធា និងស៊ីវិលមួយចំនួន។

ក្រសួងការបរទេសចិន បានចេញផ្សាយ បញ្ជីបញ្ហា ដែលនឹងលែងមានការប្រាស្រ័យ ទាក់ទងគ្នារវាងមន្ត្រីចិន និងអាមេរិក រួមទាំងទំនាក់ទំនង យោធា លើកម្រិតមេបញ្ជាការ និងកិច្ចពិភាក្សា សម្របសម្រួល គោលនយោបាយ ការពារជាតិ កាន់តែទូលំទូលាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top