ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ និយាយពីយន្តហោះ និងនាវាកងទ័ពជើងទឹកចិន ជាច្រើន ក្នុងសមយុទ្ធយោធាចិន ជុំវិញកោះរបស់ខ្លួន

បរទេស៖ កោះតៃវ៉ាន់និយាយថា ខ្លួនបានរកឃើញយន្តហោះ និងនាវាកងទ័ពជើងទឹកចិន “ជាច្រើន” ដែលចូលរួមក្នុងសមយុទ្ធយោធា នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ក្នុងអ្វីដែលអាច ជាការក្លែងធ្វើជាវាយប្រហារ ប្រឆាំងនឹងកោះនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយ ផ្អែកតាមក្រសួងការពារជាតិ កោះតៃវ៉ាន់ថា យន្តហោះ និងនាវាមួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់ មកណ្តាលដ៏រសើប នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកកោះនេះ ចេញពីដីគោករបស់ចិន។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយទៀតថា “យោធារបស់យើងបានចេញការព្រមាន បានដាក់ពង្រាយល្បាតតាមអាកាស និងនាវាកងទ័ពជើងទឹក និងដាក់ប្រព័ន្ធមីស៊ីល នៅលើដីឱ្យស្ថិតក្នុង សកម្មភាពត្រៀម ដើម្បីឆ្លើយតបទៅនឹងស្ថានភាព” ។

គិតត្រឹមម៉ោង ៥ ល្ងាច នៅតៃវ៉ាន់ នាវា១៤គ្រឿង និងយន្តហោះ ២០គ្រឿង ដែលប្រតិបត្តិការដោយយោធាចិន ត្រូវបានរកឃើញនៅជុំវិញច្រកសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង។ កោះតៃវ៉ាន់បានបន្ថែមថា ក្នុងចំណោមយន្តហោះទាំង ២០នោះ គឺមាន១៤ គ្រឿង បានហោះឆ្លងកាត់បន្ទាត់កណ្តាល។

យោធា ចិន មិន ទាន់ ចេញ សេចក្តីថ្លែងការណ៍ អំពី គោលបំណង នៃ សមយុទ្ធ កាលពី ថ្ងៃ សៅរ៍ នៅឡើយ ទេ ។
ព័ត៌មាននេះធ្វើឡើង បន្ទាប់ពីសមយុទ្ធយោធា ជាបន្តបន្ទាប់ ដែលប្រទេសចិន បានធ្វើនៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាស របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមសប្តាហ៍នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top