ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងតំបន់ហ្គាហ្សា ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ៣ថ្ងៃ បន្ទាប់ពីផ្ទុះការវាយប្រហារ តាមផ្លូវអាកាស

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមបទឈប់បាញ់ ដែលសម្របសម្រួលដោយអេហ្ស៊ីប ជាមួយក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបញ្ចប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការរារាំងដោយ គ្រាប់រ៉ុក្កែតប៉ាឡេស្ទីនរយៈពេល ៣ថ្ងៃ។

លោក Lior Hayat ប្រធាននាយកដ្ឋានការទូត សាធារណៈជាតិរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង ១១ និង ៣០នាទី យប់ ម៉ោងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ

លោក Hayat បានបន្ថែមថា “ប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភ អ៊ីស្រាអែល រក្សាសិទ្ធិក្នុងការឆ្លើយតបដោយបង្ខំ” ។ អ៊ីស្រាអែលក៏បានអរគុណអេហ្ស៊ីប សម្រាប់ការសម្របសម្រួល បទឈប់បាញ់នេះផងដែរ។

ចាប់តាំងពីថ្ងៃសុក្រមក អ៊ីស្រាអែល បានបញ្ចេញការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់សំដៅលើទីតាំង PIJ នៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់រួមទាំងកុមារ ១៥នាក់ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។

ជាការឆ្លើយតប PIJ និងពួកសកម្មប្រយុទ្ធផ្សេងទៀត នៅហ្គាហ្សាបានបាញ់រ៉ុក្កែតជាង ៩៥០ គ្រាប់ទៅកាន់ទីក្រុងនានានៅភាគខាងត្បូង និងកណ្តាលអ៊ីស្រាអែល ប៉ុន្ដែមិនបណ្តាលឱ្យមានអ្នកស្លាប់ឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top