ព័ត៌មានអន្តរជាតិ

អ្នកការទូត៖ អ៊ីរ៉ង់ មិនស្វែងរក អាវុធនុយក្លេអ៊ែរ នោះទេ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទ ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ មិនស្វែងរក ការកាន់កាប់អាវុធនុយក្លេអ៊ែរ នោះទេ។

លោក Amir-Abdollahian ត្រូវបានដកស្រង់ដោយគេហទំព័រ របស់ក្រសួងថា “អាវុធនុយក្លេអ៊ែរមិនមានកន្លែងនៅក្នុងគោល លទ្ធិនៃសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ នោះទេ ហើយផ្ទុយទៅនឹងគោលនយោបាយ និងជំនឿរបស់យើង” ។

លោកបានលើកឡើងថា “fatwa របស់មេដឹកនាំកំពូល អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺច្បាស់លាស់ សម្រាប់មនុស្សគ្រប់គ្នា” ដោយសំដៅលើក្រឹត្យសាសនា របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ដែលហាមឃាត់ ការកាន់កាប់ និងប្រើប្រាស់អាវុធប្រល័យលោក រួមទាំងអាវុធនុយក្លេអ៊ែរ។

លោកបានសង្កត់ធ្ងន់ លើការអនុវត្តគ្រប់ទិដ្ឋភាពនៃសន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលជាសន្ធិសញ្ញាអន្តរជាតិ ដ៏សំខាន់ ដែលបន្តការរំសាយអាវុធនុយក្លេអ៊ែរ ដោយបន្ថែមការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា គួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ដែលអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសហប្រតិបត្តិការ។

ទាក់ទិននឹងការចរចាដែលកំពុងបន្តនៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ លោកបានលើកឡើងថា ខណៈពេលដែលអ៊ីរ៉ង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការឈានដល់ “កិច្ចព្រមព្រៀងដ៏រឹងមាំ និងស្ថិរភាព លទ្ធផលនៃកិច្ចចរចាក៏អាស្រ័យលើ ឆន្ទៈសម្រាប់កិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាភាពបត់បែនចាំបាច់ និងភាពប្រាកដនិយមក្នុងការអនុវត្តរបស់ខ្លួន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top