ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែន បន្តវាយប្រហារ ដោយបាញ់ផ្លោងបំផ្លាញ ស្ពានឆ្លងកាត់ទន្លេ Dnepr

បរទេស៖ យោងតាមប្រភពពីភាគីទាំងសងខាងនៃជម្លោះបានឱ្យដឹងថា ប្រទេសអ៊ុយក្រែនទំនងជាបានបន្តការប៉ុនប៉ងរបស់ខ្លួនដើម្បីបំផ្លាញស្ពាន Antonovsky ដ៏សំខាន់ជាយុទ្ធសាស្ត្រលើទន្លេ Dnepr ។

យោងតាមសារព័ត៌មាន RT ចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលក្នុងតំបន់បានប្រាប់សារព័ត៌មាន TASS នៅថ្ងៃចន្ទថា ការវាយប្រហារមួយយប់ចុងក្រោយបំផុត បានវាយប្រហារឧបករណ៍ដែលបាននាំយកទៅកន្លែងដើម្បីជួសជុលការខូចខាតពីការវាយប្រហារដោយកាំភ្លើងធំ កាលពីលើកមុនៗ រួមទាំងតូបបណ្តោះអាសន្ន និងឧបករណ៍លាយបេតុង។

លោក Kirill Stremousov នាយករងរដ្ឋបាល Kherson បាននិយាយថា ឧបទ្ទវហេតុនេះគឺ “គ្មានអ្វីគួរឱ្យភ័យខ្លាច” ប៉ុន្តែទំនងជានឹងពន្យារពេលការគ្រោងបើកឡើងវិញរបស់ចរាចរណ៍លើស្ពានដែលត្រូវបានកំណត់សម្រាប់ថ្ងៃពុធ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារដោយកាំភ្លើងធំពេញមួយយប់លើស្ពានដោយកងទ័ពរបស់អ៊ុយក្រែន ដោយខ្លះបង្ហាញថា ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់។ រូបភាពដែលត្រូវបានគេសន្មត់ថា ត្រូវបានគេថតក្នុងអំឡុងពេលបាញ់ផ្លោងបង្ហាញពីអគ្គីភ័យដ៏ធំមួយនៅឯរចនាសម្ព័ន្ធដ៏ធំដែលមានផ្សែងហុយទៅលើមេឃ៕ប្រែសម្រួលៈ ណៃ តុល

To Top