ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន ពិភាក្សាជុំវិញស្ថានភាព រោងចក្រនុយក្លេអ៊ែរ Zaporizhzhia NPP

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា លោកបានពិភាក្សាអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ។

អ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានផ្លាស់ប្តូរការចោទប្រកាន់ជុំវិញការធ្វើការវាយប្រហារជាថ្មីមកលើ Zaporizhzhia NPP ដែលជាអគារថាមពលបរមាណូដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប និងផលិតអគ្គិសនី១/៤នៃថាមពលសរុបរបស់ប្រទេសអ៊ុយក្រែន ។

នៅក្នុងកិច្ចពិភាក្សានេះដែរ លោក Zelensky បានជូនដំណឹងដល់លោក Michel អំពីស្ថានភាពនៅរោងចក្រនេះ ហើយបានជំរុញឱ្យមានការដាក់ទណ្ឌកម្មលើឧស្សាហកម្មនុយក្លេអ៊ែរ និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីមានការវាយប្រហារ ។

នៅព្រឹកថ្ងៃដដែល ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន Energoatom បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីការបាញ់ផ្លោងរោងចក្រថាមពល ដោយលើកឡើងថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតចុងក្រោយបំផុតកាលពីថ្ងៃសៅរ៍បានវាយប្រហារតំបន់ក្បែរកន្លែងស្តុកទុកស្ងួតរបស់រោងចក្រ ដែលធុង១៧៤ ដែលមានឥន្ធនៈនុយក្លេអ៊ែរត្រូវបានទុកនៅក្នុងខ្យល់បើកចំហ ។

កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា រដ្ឋបាលទីក្រុង Energodar ដែលជាផ្ទះរបស់រោងចក្រថាមពលនុយក្លេអ៊ែរ បានស្តីបន្ទោសកងទ័ពអ៊ុយក្រែនចំពោះការវាយប្រហារមួយយប់នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top