ព័ត៌មានអន្តរជាតិ

អ្នកការទូតអ៊ីរ៉ង់ ៖ វឌ្ឍនភាពមួយ ផ្នែកសម្រេចបាននៅក្នុង កិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន

វីយែន ៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា វឌ្ឍនភាពមួយផ្នែក ត្រូវបានសម្រេចឆ្ពោះ ទៅរកការដោះស្រាយបញ្ហា ដែលនៅសេសសល់មួយចំនួន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។

អ្នកការទូតអ៊ីរ៉ង់បានប្រាប់ IRNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ការចរចារ ដ៏ស៊ីជម្រៅចំនួន ៤ជុំលើបញ្ហា លេចធ្លោ ត្រូវបានធ្វើឡើង ជាមួយភាគីផ្សេងទៀត ដើម្បីធ្វើឱ្យប្រាកដថា ពួកគេពិចារណាលើការពិចារណា និងកង្វល់របស់ទីក្រុងតេអេរ៉ង់។

មន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា អនុប្រធាន គោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Enrique Mora កាលពីថ្ងៃចន្ទ បានស្នើគំនិតមួយ ចំនួនលើបញ្ហា ដែលនៅសេសសល់ ដល់ភាគីពាក់ព័ន្ធ ដោយផ្អែកលើការពិភាក្សា ចុងក្រោយបង្អស់ ហើយអ៊ីរ៉ង់បាន “បង្ហាញការឆ្លើយតប និងការពិចារណាដំបូង របស់យើងភ្លាមៗ នៅពេលដែលយើងទទួលបានគំនិត ប៉ុន្តែគំនិត ជាធម្មតារបស់អ៊ីរ៉ង់ ទាមទារ ឲ្យមានការសិក្សា យ៉ាង ទូលំទូលាយ”។

មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងបង្ហាញពីទស្សនៈ និងការពិចារណាចុង ក្រោយរបស់ខ្លួន ទៅកាន់ប្រធានគោល នយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell និងភាគីផ្សេងទៀត ។

លោកបន្ដថា “គោលការណ៍សំខាន់ នៃក្រុមចរចា អ៊ីរ៉ង់ គឺការពារសិទ្ធិ និងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ មន្ត្រីរូបនេះបានបន្ថែមថា ក្រុមនេះក៏ខិតខំ ដើម្បីឱ្យភាគីផ្សេងទៀតធានាការ បំពេញកាតព្វកិច្ច របស់ពួកគេ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងទប់ស្កាត់ការកើតឡើងវិញ នៃសកម្មភាពខុសច្បាប់ របស់សហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) ខណៈដែលការចរចា ចុងក្រោយនៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ បានបញ្ចប់ ក្រុមអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅទីក្រុងតេអេរ៉ង់ វិញនៅប៉ុន្មានម៉ោងខាងមុខនេះ៕

To Top