ព័ត៌មានអន្តរជាតិ

បទឈប់បាញ់រវាងអ៊ីស្រាអែល និងជីហាត ត្រូវប្រេះឆា ដោយសារខ្វះការត្រួតពិនិត្យ

យេរ៉ូសាឡឹម៖ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហាក់ដូចជាបានធ្វើឡើង ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ចប់ការវាយប្រហារទុកជាមុន ដ៏កម្រមួយដោយអ៊ីស្រាអែល នៅឯតំបន់ដែលឡោមព័ទ្ធ។

ការវាយប្រហាររយៈពេល ៣ថ្ងៃ របស់អ៊ីស្រាអែលដែលបានកើតឡើង នៅពេលដែលក្រុមជីហាត ដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្តេជ្ញាសងសឹកចំពោះ ការចាប់ខ្លួនសមាជិកជាន់ខ្ពស់ក្រុមជីហាតនៅតំបន់វេសប៊ែង ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការបង្វែរសាច់ដុំដោយគណបក្ស Yesh Atid ដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដើម្បីយកឈ្នះលើមូលដ្ឋាន ដ៏ទូលំទូលាយក្នុង ការ បោះឆ្នោត សភា។

មានការភ័យខ្លាចថា ការប៉ះទង្គិចគ្នាថ្មីអាចបំបែក បទឈប់បាញ់បានគ្រប់ពេល ដោយសារការអាក់អន់ស្រពន់ចិត្ត យ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងបក្សពួកប៉ាឡេស្ទីន ជាពិសេសក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា និងកង្វះការត្រួតពិនិត្យបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព ។

ទីតាំងយោធាសំខាន់ៗរបស់ជីហាត ត្រូវបានទម្លាក់គ្រាប់បែក ហើយមនុស្ស ៤៤នាក់រួមទាំងមេបញ្ជាការជាន់ខ្ពស់ ពីរនាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងអំឡុងពេលការវាយប្រហារ តាមអាកាសរយៈពេល ៣ថ្ងៃដោយអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែល លោក Yair Lapid បានអះអាងថា ប្រតិបត្តិការរបស់អ៊ីស្រាអែល បានសម្រេចគ្រប់គោលដៅហើយថា “បញ្ជាការជាន់ខ្ពស់យោធាទាំងមូល របស់ក្រុមជីហាតត្រូវបានសម្លាប់”។

លោក Ibrahim Abrash សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយមកពីតំបន់ហ្គាហ្សា បានប្រាប់ស៊ិនហួ ឲ្យដឹងថា លោក Lapid និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz ត្រូវបានជំរុញដោយចំណាប់អារម្មណ៍ របស់ពួកគេក្នុងការបោះឆ្នោត ដើម្បីបើកការវាយប្រហារក្នុងគោលបំណង ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងការគាំទ្រ។ វាជារឿងមិនធម្មតា សម្រាប់អ៊ីស្រាអែល ក្នុងការវាយប្រហារជាមុន លើទឹកដីប៉ាឡេស្ទីន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top