ព័ត៌មានអន្តរជាតិ

OPEC កាត់បន្ថយការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំ២០២២

វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍ បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ បន្ទាប់ពីការកែប្រែធ្លាក់ចុះ កាលពីមុនកាលពីខែឧសភា។

សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,១ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍របស់ខ្លួន ដែលមានចំនួន ៣,៥ ភាគរយក្នុងរយៈពេល ៣ខែមុន។

ដោយពន្យល់ពីការកែសម្រួលធ្លាក់ចុះ OPEC បានលើកឡើងពី “កំណើននៅត្រីមាសទីពីរដែលខ្សោយ នៅក្នុងសេដ្ឋកិច្ចសំខាន់ៗ និងនិន្នាការទន់ដែលត្រូវបាន គេសង្កេតឃើញនៅក្នុងសេដ្ឋកិច្ច សំខាន់ៗមួយចំនួន”។

នៅក្នុងរបាយការណ៍ ខែឧសភារបស់ខ្លួន អង្គការ OPEC បានបន្ទាបការព្យាករណ៍របស់ខ្លួនរួចហើយ សម្រាប់កំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំនេះពី ៣,៩ភាគរយទៅ ៣,៥ភាគរយ។ ការព្យាករណ៍នេះត្រូវបាន រក្សារហូតដល់ខែកក្កដា។

ហានិភ័យដែលប្រឈមមុខនឹង សេដ្ឋកិច្ចពិភពលោក រួមមានភាពតានតឹងភូមិសាស្ត្រ នយោបាយដែលកំពុងបន្ត និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ការបន្តរាតត្បាតនៃជំងឺកូវីដ-១៩ ការកើនឡើងអតិផរណា កម្រិតបំណុលអធិបតេយ្យភាពខ្ពស់ នៅក្នុងតំបន់ជាច្រើន និងការរឹតបន្តឹងរូបិយវត្ថុដែល រំពឹងទុកដោយធនាគារកណ្តាល នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងតំបន់ចាយប្រាក់អឺរ៉ូ ។

គួរបញ្ជាក់ថា ក្រុមអ្នកផលិតប្រេងក៏បានព្យាករណ៍ផងដែរថា តម្រូវការប្រេងពិភពលោកនឹង មានជាមធ្យមប្រហែល ១០០លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ធ្លាក់ចុះពីការប៉ាន់ប្រមាណ កាលពីខែមុនដែលមានចំនួន ១០០,៣លានបារ៉ែលក្នុងមួយថ្ងៃ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top