ព័ត៌មានអន្តរជាតិ

ហានិភ័យ នៅរោងចក្រ នុយក្លេអ៊ែរអ៊ុយក្រែន បន្ដកើនឡើងជារៀងរាល់ថ្ងៃ

គៀវ៖ អភិបាលក្រុង ដែលជាទីតាំងរបស់រោងចក្រ នុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ហានិភ័យនៃគ្រោះមហន្តរាយនៅទីនោះ “កើនឡើងជារៀងរាល់ថ្ងៃ” បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នា ទៅវិញទៅមក ចំពោះការបាញ់ផ្លោង ជុំវិញបរិវេណនោះ។

កងទ័ពរុស្ស៊ី បានកាន់កាប់រោងចក្រ Zaporizhzhia នៅភាគអាគ្នេយ៍អ៊ុយក្រែន តាំងពីខែមីនាមក ហើយទីក្រុងគៀវ បានចោទប្រកាន់ទីក្រុងមូស្គូ ថាមានមូលដ្ឋាន ទាហានរាប់រយនាក់ និងរក្សាទុកអាវុធនៅទីនោះ។

រោងចក្រនុយក្លេអ៊ែរ បានរងការឆេះម្តងហើយម្តងទៀត ក្នុងសប្តាហ៍មុន ដោយបង្កើនការភ័យខ្លាចនៃមហន្តរាយនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកខាងលិចបារម្ភថា រុស្ស៊ីនឹងបំផ្ទុះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីបង្កមហន្តរាយដ៏ធំ។ លោក Dmytro Orlov អភិបាលក្រុង Energodar បានប្រាប់ AFP ពីទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែនថា “អ្វីដែលកំពុងកើតឡើងនៅទីនោះ គឺជាអំពើភេរវកម្មនុយក្លេអ៊ែរទាំងស្រុង ហើយវាអាចបញ្ចប់ដោយ មិនអាចទាយទុកជាមុនបាននៅពេលណាមួយ” ។

លោក Orlov បានលើកឡើងថា មានការបាញ់ ផ្លោងកាំភ្លើងត្បាល់លើ រោងចក្រ នេះរាល់ថ្ងៃ ជាពិសេសនៅពេលយប់។ លោកបានបន្តថា “ស្ថានការណ៍ នេះមានគ្រោះថ្នាក់ ហើយអ្វី ដែលធ្វើឲ្យមានការព្រួយ បារម្ភខ្លាំង បំផុតនោះ គឺ មិនមានដំណើរការ បន្ធូរបន្ថយ ឡើយ “។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពីមុនបានចោទប្រកាន់រុស្ស៊ីពីបទ “បង្កាច់បង្ខូចផ្នែកបញ្ហានុយក្លេអ៊ែរ និងប្រើប្រាស់រោងចក្រនេះ ដើម្បីបំភិតបំភ័យប្រជាជន តាមរបៀបដ៏ឃោរឃៅបំផុត”។

លោក Zelenskyy បានលើកឡើងថា ទាហានរុស្ស៊ី “កំពុងលាក់ខ្លួន” នៅខាងក្រោយរោងចក្រ ដើម្បីធ្វើការទម្លាក់គ្រាប់បែកលើទីក្រុង Nikopol និង Marganets ដែលគ្រប់គ្រងដោយអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top