ព័ត៌មានអន្តរជាតិ

Update៖ ចិន នៅតែបន្តធ្វើសមយុទ្ធ នៅជិតកោះតៃវ៉ាន់ ខណៈមានទស្សនកិច្ច របស់ប្រតិភូអាមេរិក ទៅកាន់ដែនកោះនេះ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀត នៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកសភាអាមេរិក ១ក្រុម បានទៅទស្សនាលើដែនកោះ ដែលទាមទារដោយចិន និងបានជួបជាមួយ ប្រធានាធិបតីលោកស្រី Tsai Ing-wen ក្នុងអ្វីដែលទីក្រុងប៉េកាំង បានលើកឡើងថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ។

សមាជិកសភាអាមេរិកទាំង៥រូប ដែលបានដឹកនាំដោយព្រឹទ្ធសមាជិក Ed Markey បានមកដល់ទីក្រុងតៃប៉ិ ក្នុងដំណើរបំពេញទស្សនកិច្ច ដោយមិនប្រកាសឲ្យដឹងមុន កាលពីល្ងាចថ្ងៃអាទិត្យ ដែលជាក្រុមជាន់ខ្ពស់ទី២ ដែលត្រូវបំពេញទស្សនកិច្ច បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi នៅដើមខែសីហា ដែលបានឈប់សម្រាកជាច្រើនថ្ងៃ ។

អង្គភាពយោធាចិន ដែលទទួលខុសត្រូវលើតំបន់ ដែលនៅជាប់នឹងកោះតៃវ៉ាន់ បញ្ជាការដ្ឋានភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា ខ្លួនបានរៀបចំការល្បាត ត្រៀមប្រយុទ្ធចម្រុះពហុមុខងារ និងសមយុទ្ធប្រយុទ្ធនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ។

សមយុទ្ធនេះបានបន្ថែមថា សមយុទ្ធនេះជាការរារាំងយ៉ាងតឹងរ៉ឹង ចំពោះសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលបន្តលេងល្បិចនយោបាយ និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។

ក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ដំណើររបស់សមាជិកសភា បានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយ “លាតត្រដាងទាំងស្រុងនូវមុខមាត់ពិត របស់សហរដ្ឋអាមេរិក ថាជាអ្នកបំផ្លាញ និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។

“កងទ័ពរំដោះប្រជាជនចិន បន្តហ្វឹកហ្វឺន និងត្រៀមធ្វើសង្រ្គាម ការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវរាល់ទម្រង់នៃការបំបែកខ្លួន “ឯករាជ្យកោះតៃវ៉ាន់” និងការជ្រៀតជ្រែកពីបរទេស ។

ចំណែកក្រសួងការពារជាតិ របស់កោះតៃវ៉ាន់វិញ បានប្តេជ្ញាថា នឹងប្រឈមមុខនឹងសមយុទ្ធចុងក្រោយនេះ “ដោយស្ងប់ស្ងាត់ និងនឹងធឹងនិងការពារសន្តិសុខជាតិ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top