ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្តែងការសោកស្ដាយ ចំពោះការថ្វាយដង្វាយ របស់នាយករដ្ឋមន្ត្រីជប៉ុន ដល់ទីសក្ការៈបូជាពាក់ព័ន្ធនឹងសង្រ្គាម

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលបានថ្វាយដង្វាយ ទៅកាន់ទីសក្ការបូជា Yasukuni ដ៏ល្បីល្បាញដែលទាក់ទងនឹងសង្រ្គាម ដែលត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃអតីតកាលយោធានិយម និងអាណានិគមរបស់ប្រទេសជប៉ុន។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការពិតដែលថាមេដឹកនាំជប៉ុន ជាថ្មីម្តងទៀតបានបញ្ជូនដង្វាយ ទៅគោរពបូជានៅទីសក្ការៈ Yasukuni ដែលលើកតម្កើងសង្គ្រាម ឈ្លានពានរបស់ជប៉ុន និងជាទីសក្ការៈបូជាឧក្រិដ្ឋជនសង្គ្រាម។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានជំរុញយ៉ាងខ្លាំងដល់មេដឹកនាំជប៉ុន ឱ្យប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងបង្ហាញតាមរយៈសកម្មភាព ឆ្លុះបញ្ចាំងរបស់ពួកគេ និងវិប្បដិសារីដោយស្មោះ ចំពោះកិច្ចការអតីតកាល របស់ប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើអំណោយនៅមុនថ្ងៃនោះ ក្នុងឱកាសខួបលើកទី៧៧ នៃការចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ និងការរំដោះឧបទ្វីបកូរ៉េ ពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន ឆ្នាំ១៩១០-៤៥ ។

ខណៈពេលដែលលោក Kishida មិនបានទៅទស្សនាទីសក្ការៈបូជា ដ៏ចម្រូងចម្រាសដោយផ្ទាល់ ចាប់តាំងពីបានក្លាយជា នាយករដ្ឋមន្ត្រីកាលពីខែតុលា ឆ្នាំមុន សមាជិកគណៈរដ្ឋមន្ត្រីជប៉ុនមួយចំនួន បានទៅគោរពបូជានៅទីសក្ការៈកាលពីថ្ងៃចន្ទ ។

ទីសក្ការៈបូជា Yasukuni ផ្តល់កិត្តិយសដល់ឧក្រិដ្ឋជនសង្គ្រាមថ្នាក់-A ចំនួន ១៤នាក់ ក្នុងចំណោមអ្នកស្លាប់ ដោយសារសង្រ្គាមជប៉ុនចំនួន ២,៥លាននាក់ពីសង្គ្រាមលោកលើកទី២ ។

ការទៅសួរសុខទុក្ខ និងដាក់ដង្វាយធ្វើពិធីដែល ធ្វើឡើងដោយមន្ត្រីជប៉ុនទៅកាន់ ទីសក្ការបូជាដ៏ល្បីឈ្មោះបាន បង្កឱ្យមានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ដែលត្រូវបានធ្វើបាបដោយប្រទេសជប៉ុន ក្នុងអំឡុងពេលសង្រ្គាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top