ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសបិទបំពង់បង្ហូរឧស្ម័ន Nord Stream រយៈពេល ៣ថ្ងៃ

ម៉ូស្គូ៖ ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការចែកចាយ ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream 1 ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដោយសារការថែទាំលើ បំពង់បង្ហូរឧស្ម័ននេះ ។

ក្រុមហ៊ុន Gazprom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ាស៊ីនបង្ហាប់ឧស្ម័ន ដែលដំណើរការតែមួយគត់សម្រាប់ Nord Stream 1 នឹងត្រូវបិទសម្រាប់រយៈពេល ៣ថ្ងៃ ហើយការថែទាំតាមទម្លាប់នឹងត្រូវបានអនុវត្តរួមគ្នា ជាមួយអ្នកឯកទេសមកពីក្រុមហ៊ុន Siemens របស់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបង្ហាប់ ។

ប្រភពបានបន្ថែមថា នៅពេលដែលការថែទាំត្រូវបានបញ្ចប់ និងមិនមានដំណើរការខុសបច្ចេកទេសទេ ការផ្គត់ផ្គង់ឧស្ម័នតាមរយៈ Nord Stream 1 នឹងត្រូវបានស្តារឡើងវិញដល់កម្រិតបច្ចុប្បន្ន ៣៣លានម៉ែត្រគូបក្នុងមួយថ្ងៃ។

កាលពីពាក់កណ្តាលខែមិថុនា ក្រុមហ៊ុន Gazprom បានកាត់បន្ថយការចែកចាយឧស្ម័នប្រចាំថ្ងៃ តាមបំពង់បង្ហូរប្រេងសំខាន់ៗ ឱ្យមិនលើសពី ៦៧លានម៉ែត្រគូប ដោយលើកឡើង ពីការបរាជ័យរបស់ក្រុមហ៊ុន Siemens ក្នុងការជួសជុលម៉ាស៊ីនទួរប៊ីន ឧស្ម័នទាន់ពេលវេលា ដោយសារការដាក់ទណ្ឌកម្ម របស់លោកខាងលិចប្រឆាំង នឹងប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា ក្រុមហ៊ុន Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ប្រចាំថ្ងៃដល់ទៅ ៣៣លានម៉ែត្រគូប ពោលគឺប្រហែល ២០ ភាគរយនៃសមត្ថភាពអតិបរមារបស់បំពង់បង្ហូរ។

គួររំលឹកថា ដោយបញ្ចប់ក្នុងឆ្នាំ២០១១ បំពង់បង្ហូរឧស្ម័ន Nord Stream 1 តភ្ជាប់ពីទីក្រុង Vyborg ភាគពាយ័ព្យ នៃប្រទេសរុស្ស៊ី និងប្រទេសអាល្លឺម៉ង់ តាមរយៈបាតសមុទ្របាល់ទិក ដើម្បីបន្ធូរបន្ថយការផ្ទុកលើសទម្ងន់របស់វា នៃបំពង់បង្ហូរ Nord Stream 2 ដែលត្រូវបាន បញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែត្រូវបានផ្អាកចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top