ព័ត៌មានអន្តរជាតិ

ទាហានរុស្ស៊ីជាច្រើននាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅអ៊ុយក្រែន បន្ទាប់ពីពុលសារធាតុគីមីយ៉ាងធ្ងន់ធ្ងរ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងការពុលគីមីយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា ដាននៃជាតិពុល Botulinum ប្រភេទ B ដែលជា “សារធាតុពុលសរីរាង្គ នៃប្រភពដើមសិប្បនិម្មិត” ត្រូវបានរកឃើញនៅក្នុងសំណាកដែលយកពីទាហាន ហើយរុស្ស៊ីក៏បានចោទប្រកាន់ ទីក្រុងគៀវពី “អំពើភេរវកម្មគីមី” ផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា ទាហានរុស្ស៊ី “ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានសញ្ញានៃការពុលធ្ងន់ធ្ងរ” បន្ទាប់ពីបានឈរជើងនៅជិតភូមិ Vasilyevka ក្នុងតំបន់ Zaporozhye កាលពីថ្ងៃទី៣១ ខែកក្កដា។

ក្រសួងការពារជាតិរុស្ស៊ីបានទទូចថា “របបលោក Zelensky បានអនុញ្ញាតឱ្យមានការវាយប្រហារភេរវកម្ម ជាមួយនឹងការប្រើប្រាស់សារធាតុពុលប្រឆាំងនឹងបុគ្គលិក និងជនស៊ីវិលរុស្ស៊ី” បន្ទាប់ពីមានការបរាជ័យផ្នែកយោធាជាច្រើន នៅក្នុង Donbass និងតំបន់ផ្សេងទៀត។

ទីក្រុងមូស្គូក៏គ្រោងនឹងបញ្ជូនការធ្វើតេស្តមន្ទីរពិសោធន៍ ពីសំណាករបស់ទាហានទៅកាន់អង្គការ សម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ថែមទៀតផង៕ ប្រែសម្រួលៈ ណៃ តុលា

To Top