ព័ត៌មានអន្តរជាតិ

ឱនភាព​ពាណិជ្ជកម្ម​របស់ ​កូរ៉េ​ខាងត្បូង កើនឡើង​ដល់ ១០​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​២០​ថ្ងៃ​ដំបូង​ដើមខែសីហា

សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃចន្ទនេះថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែសីហា ដោយសារកំណើននៃការនាំចូលលឿនជាងការនាំចេញ។

ឱនភាពពាណិជ្ជកម្មឈានដល់ ១០,២២ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែសីហា កើនឡើងពីឱនភាពចំនួន ៣,៥៨ពាន់លានដុល្លារ ដែលកើនឡើងក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមសេវាគយកូរ៉េ។

ប្រទេសនេះបានរាយការណ៍ពីឱនភាពពាណិជ្ជកម្មក្នុងរយៈពេល ៤ខែចុងក្រោយនេះ ជាមួយនឹងឱនភាពចំនួន ២,៤៨ពាន់លានដុល្លារក្នុងខែមេសា ១,៦ពាន់លានដុល្លារក្នុងខែឧសភា ២,៤៩ពាន់លានដុល្លារក្នុងខែមិថុនា និង ៤,៨ពាន់លានដុល្លារក្នុងខែកក្កដា។

ការនាំចេញបានបន្ថែម ៣,៩ភាគរយពីឆ្នាំមុនដល់ ៣៣,៤២ពាន់លានដុល្លារសម្រាប់រយៈពេល ២០ ថ្ងៃដំបូងនៃខែនេះ ខណៈដែលការនាំចូលបានកើនឡើង ២២,១ភាគរយដល់ ៤៣,៦៤ពាន់លានដុល្លារ។

ការនាំចូលប្រភពថាមពលសំខាន់ៗចំនួនបីរបស់ប្រទេសគឺ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្ម មានចំនួនសរុប ១២,៤៩ពាន់លានដុល្លារក្នុងរយៈពេល ២០ថ្ងៃ កើនឡើង ៧១ភាគរយធៀបនឹងឆ្នាំមុន។

ការ​នាំ​ចូល​ពី​អារ៉ាប៊ីសាអូឌីត​កើន​ឡើង​ជិត​ទ្វេ​ដង ខណៈ​ដែល​ការ​នាំ​ចូល​ពី​សហភាព​អឺរ៉ុប ជប៉ុន ឬ​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​លើក​ឡើងខាងលើ។ ការនាំចេញផលិតផលប្រេងកើនឡើងជាងទ្វេដង ហើយរថយន្ត និងគ្រឿងប្រើប្រាស់ក្នុងផ្ទះទទួលបានតួលេខកើនឡើងទ្វេរដងផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top