ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ថាខ្លួននឹងផ្អាកជើងហោះហើរ របស់ចិន ចំនួន២៦ពីអាមេរិក

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកជើង ហោះហើរ ចំនួន២៦ជើង ពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ជុំវិញករណីកូវីដ-១៩ ។

ការសម្រេចចិត្តនេះនឹងប៉ះពាល់ ដល់ជើងហោះហើររបស់ក្រុមហ៊ុន Xiamen, Air China, China Southern Airlines និង China Eastern Airlines ចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ។ ក្រសួងដឹកជញ្ជូន សហរដ្ឋអាមេរិក (USDOT) បានលើកឡើងពីការលុបចោលថ្មីៗនេះ នៃក្រុមហ៊ុនអាកាសចរណ៍អាមេរិច ចំនួន២៦ ក្នុងនោះមានជើងហោះហើរ Delta Air Lines និង United Airlines ។

ការផ្អាកនេះរួមមានជើងហោះហើរ១៩របស់ចិន ពីទីក្រុង Los Angeles និង៧ជើងហោះហើរ China Eastern ពីក្រុងញ៉ូវយ៉ក ។

អ្នកនាំពាក្យរបស់ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បានលើកឡើងថា សកម្មភាពរបស់ USDOT គឺ “គ្មានការទទួលខុសត្រូវខ្ពស់” និង “ការផ្អាកជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ចិន ដោយគ្មានមូលដ្ឋាន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top