ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ គំរាម​លាលែង​ពី​តំណែង បើ​ជម្លោះ​នយោបាយ​នៅ​តែ​បន្ត 

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានសម្តែងការសោកស្តាយរបស់លោក ដែលជម្លោះនយោបាយឈាន ដល់កម្រិតនៃការប្រើប្រាស់អាវុធក្នុងចំណោមបក្សពួកអ៊ីរ៉ាក់ ដោយព្រមានថា លោកនឹងប្រកាសលាលែងតំណែង ប្រសិនបើជម្លោះនៅតែបន្ត។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Kadhimi បានលើកឡើងថា លោកមានការឈឺចាប់ខ្លាំងដោយសារជម្លោះនយោបាយ “ឈាមអ៊ីរ៉ាក់ ដែលត្រូវបានបង្ហូរ កាលពីម្សិលមិញបានផ្ញើការព្រមានដល់អ៊ីរ៉ាក់ គ្រប់រូបថា ថ្ងៃនេះយើងត្រូវដាក់អាវុធនៅក្រោមអំណាចរបស់រដ្ឋ” ។

លោកបន្ដថា “ខ្ញុំសូមព្រមានថា ប្រសិនបើភាពចលាចល ជម្លោះ ការមិនចុះសម្រុងគ្នា និងអរិភាពនៅតែបន្ត ហើយសំឡេងនៃហេតុផលមិនត្រូវបានឮ ខ្ញុំនឹងចាត់វិធានការប្រកបដោយសីលធម៌ និងស្នេហាជាតិរបស់ខ្ញុំ ដើម្បីប្រកាសលាលែងតំណែង ភាគីជម្លោះ មានទំនួលខុសត្រូវនៅចំពោះមុខពលរដ្ឋអ៊ីរ៉ាក់ និងប្រវត្តិសាស្ត្រ”។

លោកបានបន្ថែមថា អ៊ីរ៉ាក់បានហូរឈាមអស់ជាច្រើនឆ្នាំ ខណៈដែលប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់ត្រូវបានសម្លាប់ ដោយសង្កត់ធ្ងន់ថា “រាល់ដំណក់ឈាម គឺបណ្តាលមកពីការបរាជ័យនយោបាយរ៉ាំរ៉ៃ”។

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih ក៏បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ការទៅបោះឆ្នោតមុនកាលកំណត់ក្រោមការយោគយល់ថ្នាក់ជាតិ តំណាងឱ្យផ្លូវចេញពីវិបត្តិដ៏រឹងមាំនៅក្នុងប្រទេស ជំនួសឱ្យជម្លោះនយោបាយ ឬការប៉ះទង្គិចគ្នា”។

លោកក៏បានអំពាវនាវដល់ក្របខណ្ឌសម្របសម្រួលនិកាយស៊ីអ៊ីត (CF) ដែលជាក្រុមឆ័ត្រនៃគណបក្សសភានិកាយស៊ីអ៊ីត ទាក់ទងជាមួយមេដឹកនាំនៃចលនា Sadrist លោក Moqtada al-Sadr ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដែលដោះស្រាយបញ្ហានៃការបោះឆ្នោតថ្មី និងការបង្កើតរដ្ឋាភិបាលថ្មី៕

To Top