ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងជួយដោះស្រាយវិបត្តិអ៊ុយក្រែន អំឡុងពេលបញ្ជូនអ្នកការទូត ទស្សនកិច្ចនៅរុស្ស៊ី 

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ដំណើររបស់លោកទៅកាន់ទីក្រុងមូស្គូ នាពេលខាងមុខនឹងមានគោលបំណងសំខាន់ក្នុងការជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Hossein Amir-Abdollahian បានឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់លោកធ្វើឡើងបន្ទាប់ពីរដ្ឋលោកខាងលិចមួយចំនួនបានស្នើឱ្យក្រុងតេអេរ៉ង់ ដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន-រុស្ស៊ី ដែលបានបន្តតាំងពីខែកុម្ភៈមក នេះបើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់។

លោកបានលើកឡើងថា ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអាហ្វហ្គានីស្ថាន ក៏នឹងស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកផងដែរ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា Amir-Abdollahian នឹងចាកចេញពីទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងម៉ូស្គូ នៅថ្ងៃពុធនេះ ហើយត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ៕ប្រែសម្រួល ឈូក បូរ៉ា

To Top