ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងរៀបចំចម្លើយ ដោយប្រុងប្រយ័ត្ន ចំពោះការឆ្លើយតប កិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់អាមេរិក

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងរៀបចំចម្លើយ “ដោយប្រុងប្រយ័ត្ន និងឆាប់រហ័ស” ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដ៏មានសក្តានុពល របស់សហភាពអឺរ៉ុប នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប់រួម (UAE) Abdullah bin Zayed Al Nahyan ដែលក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាគ្នា អំពីបញ្ហា ដែលចាប់អារម្មណ៍គ្នា ទៅវិញទៅមក ផងដែរ។

លោក Amir-Abdollahian បានកត់សម្គាល់ថា អ៊ីរ៉ង់បានបង្ហាញពីសុច្ឆន្ទៈ និងភាពធ្ងន់ធ្ងររបស់ខ្លួន សម្រាប់ការឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ “រឹងមាំ និងយូរអង្វែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ ក៏បានឲ្យដឹងផងដែរថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសជិតខាងត្រូវបានផ្តល់អាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ។

ចំណែក ឯ រដ្ឋមន្ត្រី ការ បរទេស អេមីរ៉ាត អារ៉ាប់រួម បាន បង្ហាញ ឆន្ទៈ របស់ អេមីរ៉ាត អារ៉ាប់រួម ក្នុង ការ ពង្រឹង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជាមួយ អ៊ីរ៉ង់។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរទស្សនៈ ដោយប្រយោលអំពី សំណើរបស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ ដែលមានបំណងដោះស្រាយបញ្ហា លេចធ្លោស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)៕

ប្រែសម្រួល ឈូក បូរ៉ា

To Top