ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយចិន នៅចំពោះមុខភាពតានតឹង ជាមួយអាមេរិក និងលោកខាងលិច

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសរបស់លោក មានកិច្ចសហប្រតិបត្តិការ ជាច្រើនជាមួយប្រទេសចិន រួចហើយនៅក្នុងវិស័យផ្សេងៗ ហើយប្តេជ្ញាពង្រីក ទំនាក់ទំនងទ្វេភាគី។

លោកបានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទ ក្នុងឱកាសនៃខួបលើកទីមួយ នៃការបង្កើតរដ្ឋបាលរបស់លោកថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយចិន នឹងមិនរងផលប៉ះពាល់ ដោយបរិយាកាសអន្តរជាតិ និងបញ្ហាផ្សេងទៀតនោះទេ ។

នៅក្នុងនោះដែរប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានរារាំងយុទ្ធនាការ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិក ជាមួយនឹងឆន្ទៈរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Raisi បានធ្វើការកត់ សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំសាសនា មួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា មន្ត្រីអាមេរិក ក៏បានសារភាព ចំពោះការបរាជ័យដ៏អាម៉ាស់នៃគោលនយោបាយ “សម្ពាធអតិបរមា” របស់ពួកគេប្រឆាំងនឹង អ៊ីរ៉ង់ផងដែរ។

លោកបានលើកឡើងថា ខ្មាំងសត្រូវបានបង្កភាពឃោរឃៅយ៉ាងធំធេង លើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ៤៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រទេសនេះបានរួចផុតពីគ្រោះថ្នាក់ និងបានគ្រប់គ្រង ដើម្បីបង្ហាញពី “ភាពសុចរិត និងឋានៈខ្ពស់” របស់ខ្លួនទៅកាន់ពិភពលោក។

លោក Raisi ក៏បានថ្កោលទោស អ្នកតស៊ូមតិសិទ្ធិមនុស្ស សម្រាប់ស្តង់ដារទ្វេររបស់ពួកគេ និងសម្រាប់ការនៅស្ងៀម ចំពោះមុខការរំលោភសិទ្ធិ របស់មនុស្សជាច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top