ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់៖ ចិនកំពុងបង្កើនយុទ្ធសាស្រ្តបំភិតបំភ័យ

បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍បានព្រមាន សមាជិកសភានៅទីក្រុងតៃប៉ិថា ប្រទេសចិនកំពុងចាត់វិធានការដើម្បីគ្រប់គ្រងដែនទឹកជុំវិញកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធក្លែងជាវាយប្រហារលើនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក និងធ្វើបច្ចុប្បន្នភាពផែនការឈ្លានពានរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីក្រសួងការពារជាតិកោះតៃវ៉ាន់ ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរបាយការណ៍មួយទៅកាន់សភារបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងថា ប្រទេសចិនបាននឹងកំពុង “ប្រើប្រាស់សមយុទ្ធប្រយុទ្ធ ដើម្បីអនុវត្តធ្វើជាវាយប្រហារលើនាវាអាមេរិក ដែលចូលទៅក្នុងខ្សែសង្វាក់កោះទីមួយ” ។ ក្រសួងបាននិយាយថា “ខ្សែសង្វាក់កោះទីមួយ” សំដៅលើកោះដែលលាតសន្ធឹងពីជាយរបស់ប្រទេសជប៉ុនទៅកាន់កោះ Borneo ដែលជាតំបន់ដែលទីក្រុងប៉េកាំងមានបំណងទទួលបានការគ្រប់គ្រងជាយុទ្ធសាស្ត្រនៅឆ្នាំ២០៣៥ ។

យោងតាមរបាយការណ៍នេះ ប្រទេសចិនកំពុងចាត់វិធានការដើម្បីការពារប្រទេសផ្សេងទៀតពីការផ្តល់ជំនួយឱ្យកោះតៃវ៉ាន់ក្នុងករណីមានការវាយប្រហារ។ ក្រសួងការពារជាតិកោះនេះបាននិយាយថា យោធារបស់ប្រទេសចិនបានបង្កើនយុទ្ធសាស្ត្របំភិតបំភ័យនៅឆ្នាំនេះ ដើម្បីធ្វើឱ្យខូចសីលធម៌ និងកិច្ចចរចាបង្រួបបង្រួមកម្លាំងរបស់តៃប៉ិ។ ប្រទេសចិន «បានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខការពារជាតិរបស់ប្រទេសយើង និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ក្បែរច្រកសមុទ្រតៃវ៉ាន់»៕ប្រែសម្រួលៈ ណៃ តុលា

To Top