ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ការដាក់ទណ្ឌកម្មលោកខាងលិច បង្កឱ្យមានការឡើង ថ្លៃថាមពល និងការរំខានដល់ការផ្គត់ផ្គង់

ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ការរឹតបន្តឹងឯកតោភាគី ដែលបណ្តាប្រទេសលោកខាងលិច បានដាក់ប្រឆាំងនឹងរុស្ស៊ី បានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ថាមពល និងការដំឡើងថ្លៃ ថាមពលនៅជុំវិញពិភពលោក។

ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីផ្លាស់ប្តូរថាមពល G20 កាលពីថ្ងៃសុក្រ លោក Shulginov បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្នបានរារាំង ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេសនៅពេលនិយាយអំពី ការធានាឱ្យមានលទ្ធភាពទទួលបាន ថាមពលដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបានសម្រាប់ទាំងអស់គ្នា។

លោក Shulginov បានកត់សម្គាល់ថា វានឹងអាចយកឈ្នះវិបត្តិដោយ ការលុបបំបាត់បុព្វហេតុរបស់វា ហើយនេះនឹងតម្រូវឱ្យមាន ការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងការបង្កើតឱ្យមានតុល្យភាពថាមពល និងគោលនយោបាយអាកាសធាតុ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសទាំង៧ (G7) បានយល់ព្រមកំណត់តម្លៃប្រេងរបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak កាលពីថ្ងៃព្រហស្បតិ៍ បានហៅផែនការរបស់ G7 ក្នុងការដាក់ចេញនូវការ កំណត់តម្លៃលើប្រេងរុស្ស៊ីថា មិនសមហេតុផលទាំងស្រុង។

លោក Novak បានបន្ថែមថា រុស្ស៊ីនឹងមិនផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងដល់ ប្រទេសទាំងនោះដែលគាំទ្រតម្លៃ លើប្រេងរុស្ស៊ីនោះទេ ដោយសាររុស្ស៊ីមិនមានគម្រោងផ្គត់ផ្គង់ ប្រេងក្រោមលក្ខខណ្ឌមិនទីផ្សារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top