ព័ត៌មានអន្តរជាតិ

ការផ្អាក លំហូរ ឧស្ម័នធម្មជាតិ របស់រុស្ស៊ីតាម បំពង់ Nord Stream 1 កំពុងបង្កើនសម្ពាធលើ ប្លុកអឺរ៉ុប ក្នុងពេលកំពុងមានវិបត្តិ ថាមពល

ម៉ូស្គូ ៖ ប្រទេសរុស្ស៊ីបានបិទលំហូរ ឧស្ម័នធម្មជាតិតាមបំពង់ Nord Stream 1 កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមានវិបត្តិថាមពលនៅអឺរ៉ុប ខណៈដែលខ្លួនបានវាយបកប្រឆាំង នឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្គ្រាមអ៊ុយក្រែន។

ក្រុមហ៊ុនថាមពលដ៏ធំ របស់រដ្ឋ Gazprom បានព្រមានកាលពីដើមខែសីហាថា បំពង់បង្ហូរប្រេង ដែលចែកចាយឧស្ម័នពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងបិទសម្រាប់ការថែទាំ ដែលបានគ្រោងទុកសម្រាប់រយៈពេល ៣ថ្ងៃ។ ការបិទបានចាប់ផ្តើមហើយ នេះបើយោងតាមទិន្នន័យ នៃលំហូរចេញពីចំណុចចូល សម្រាប់ការតភ្ជាប់របស់ Nord Stream 1 ទៅនឹងបណ្តាញឧស្ម័នអាល្លឺម៉ង់ ដែលដកស្រង់ដោយ Reuters ហើយប្រតិបត្តិការត្រូវបានគេរំពឹងថា នឹងបន្តនៅថ្ងៃសៅរ៍នេះ។

ទីក្រុងមូស្គូ បានបិទ ការផ្គត់ផ្គង់ឧស្ម័ន របស់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង នៅឆ្នាំនេះ ដោយប្រើការពឹងផ្អែក របស់ទ្វីបលើឧស្ម័នរុស្ស៊ី ដើម្បីផលប្រយោជន៍ របស់ខ្លួន។ អឺរ៉ុបបាននាំចូលប្រហែល ៤៥ភាគរយ នៃឧស្ម័នធម្មជាតិរបស់ខ្លួន ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២១ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។

ក្រុមហ៊ុន Gazprom បានកាត់បន្ថយសមត្ថភាពរបស់ Nord Stream 1 មកត្រឹម ៤០ភាគរយ ហើយបន្ទាប់មកមកត្រឹម ២០ភាគរយ ដោយលើកឡើងថា វាកំពុងរង់ចាំការចែកចាយតាមរយៈទួរប៊ីន ដែលបានជួសជុល។

ការធ្លាក់ចុះនៃការផ្គត់ផ្គង់ បានធ្វើឱ្យតម្លៃឧស្ម័ននៅអឺរ៉ុបកើនឡើង ដោយមានសន្ទស្សន៍អនាគត TTF របស់ប្រទេសហូឡង់កើនឡើងជាង ២០០ភាគរយ ចាប់តាំងពីដើមខែមិថុនា និងប្រហែល ១០០០ភាគរយ ខ្ពស់ជាងឆ្នាំមុន។

តួលេខបានធ្លាក់ចុះនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយសាររបាយការណ៍ ដែលអឺរ៉ុបនាំមុខគោលដៅលើការ ផ្ទុកឧស្ម័នក្នុងរដូវរងារ ប៉ុន្តែបានកើនឡើងប្រហែល ៧ភាគរយនៅត្រឹមតែជាង ២៨៣អឺរ៉ូ (២៨៣ដុល្លារ) នៅការត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃពុធ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top