ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា ក្រុងម៉ូស្គូនឹងចាត់វិធានការ សងសឹកដ៏ធ្ងន់ធ្ងរ ប្រសិនបើ EU រឹតត្បិតលើទិដ្ឋការ របស់ពលរដ្ឋរុស្ស៊ី

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើង កាលពីថ្ងៃអាទិត្យថា ក្រុងម៉ូស្គូ នឹងចាត់វិធានការ សងសឹក យ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហភាពអឺរ៉ុប (EU) ណែនាំជាផ្លូវការនូវការ រឹតបន្តឹងទិដ្ឋាការ លើពលរដ្ឋរុស្ស៊ី ។

លោក Peskov បានប្រាប់ដល់កម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយថា រុស្ស៊ីកំពុងតាមដានយ៉ាងដិត ដល់នូវការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ហើយការសងសឹកវិញ ឬអត់ លោក Dmitry ថា ប្រាកដជានឹងបំពេញផល ប្រយោជន៍របស់រុស្ស៊ី ។

លោក Josep Borrell អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការ ដែលប្លុកមានជាមួយប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ថា ការសម្រេចចិត្តដែលមិនទាន់មាន ភាពស្របច្បាប់នឹងកាត់បន្ថយយ៉ាងខ្លាំង នូវចំនួនទិដ្ឋាការថ្មី ដែលចេញដោយរដ្ឋសមាជិក សហភាពអឺរ៉ុប ដល់ពលរដ្ឋរុស្ស៊ី និងធ្វើឱ្យដំណើរការ ដើម្បីទទួលបានទិដ្ឋាការកាន់តែយូរ និងពិបាក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top