ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម ISIS ចេញមុខទទួលខុសត្រូវ ការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតរុស្ស៊ី ក្នុងទីក្រុង កាប៊ុល

បរទេស៖ ក្រុមរដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ការបំផ្ទុះបានកើតឡើងនៅមិនឆ្ងាយប៉ុន្មានពីច្រកចូលស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន ហើយបានសម្លាប់មនុស្ស ២៥នាក់ រួមទាំងបុគ្គលិកស្ថានទូតពីរនាក់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមភេរវករ បានអះអាងថា ការវាយប្រហារនេះធ្វើឡើង ដោយអ្នកប្រយុទ្ធបរទេស។ យោងតាមរបាយការណ៍មួយចំនួន គឺការវាយប្រហារនេះធ្វើឡើង ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងស្រុក គឺ ISIS-K ។

វាគឺជាការវាយប្រហារលើកដំបូង លើបេសកកម្មការទូតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលបានអះអាងទទួលខុសត្រូវដោយ ISIS ចាប់តាំងពីការកាន់កាប់ របស់ពួកតាលីបង់ឆ្នាំ 2021។ មុននេះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបញ្ជាក់ថា ជំនួយការលេខាម្នាក់ និងសន្តិសុខម្នាក់ ទាំង២នាក់ជាជនជាតិរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top