ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងជ្រើសរើស ទាហានពីអង្គភាព សុខភាពផ្លូវចិត្ត ដើម្បីបង្កើនចំនួនកងទ័ព ដែលកំពុងខ្វះខាត

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីកំពុងជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់សង្គ្រាមលោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ពីអង្គភាពសុខភាពផ្លូវចិត្ត នៅ St. Petersburg ដោយផ្តល់ការលើកទឹកចិត្ត ជាសាច់ប្រាក់ និងច្រើនទៀត ដើម្បីលើកទឹកចិត្តប្រជាជន ឱ្យប្រយុទ្ធនៅក្នុងសង្គ្រាមនេះ។

គេហទំព័រនៃមន្ទីរចិត្តសាស្រ្តលេខ២ នៅ St. Petersburg មានផ្ទាំងរូបភាពអំពាវនាវឱ្យជ្រើសរើសទាហាន សម្រាប់កងវរសេនាតូចស្ម័គ្រចិត្ត “Kronstadt”, “Neva” និង “Pavlovsk” នៅលើគេហទំព័ររបស់ខ្លួន។

យោងតាមការផ្សាយពាណិជ្ជកម្ម ដែលក្រោយមកហាក់ដូចជាត្រូវបានដកចេញ អ្នកស្ម័គ្រចិត្ត ដែលចុះកិច្ចសន្យា យ៉ាងហោចណាស់ ៦ខែត្រូវបានសន្យាថានឹងផ្តល់ប្រាក់បំណាច់ សំណងសម្រាប់លំនៅដ្ឋាន និងសេវាសហគមន៍ សិទ្ធិទទួលបានឋានៈជា អតីតយុទ្ធជនប្រយុទ្ធ និងសិទ្ធិទទួលបាន ចូលសាកលវិទ្យាល័យ ដោយគ្មានការប្រកួតប្រជែង និងជំនួយសម្ភារៈតែម្តង ។

ផ្ទាំងបដាផ្សាយពាណិជ្ជកម្ម ក៏រៀបរាប់លម្អិតអំពីរបៀបឆ្លងកាត់ការ ពិនិត្យវិកលចរិក សម្រាប់ការអនុញ្ញាតិឱ្យកាន់អាវុធផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

វាជាផ្នែកមួយនៃការជំរុញការជ្រើសរើសកាន់តែទូលំទូលាយ សម្រាប់អ្នកជ្រើសរើសយោធា ខណៈដែលសង្រ្គាមរបស់លោកពូទីន ខិតជិតដល់ខែទី៧ របស់ខ្លួន។ អាជ្ញាធររុស្ស៊ី កំពុងបន្តជ្រើសរើស កម្មករ ជាប់កិច្ចសន្យា ជាទ្រង់ទ្រាយធំ ដោយមិនបានប្រកាស ពីការចល័តទ័ពទៀតផង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top