ព័ត៌មានអន្តរជាតិ

អ្នកជំនាញចោទអាមេរិកថា បានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន រួមទាំងព័ត៌មានដើម្បីជំរុញឱ្យមានជម្លោះរវាងរុស្ស៊ី និងចិន

បរទេស៖ អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិន និងជាសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី លោក Sergey Sanakoev បានប្រាប់ RTថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានពណ៌នាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរថាមានស្ថិរភាព ស្វាហាប់ និងគ្រប់គ្រាន់ដោយខ្លួនឯងទាំងស្រុង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok លោក Sergey Sanakoev បានពន្យល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរុស្ស៊ី-ចិនមិនប្រឆាំងនឹងដំណើរការ ឬគំរូអភិវឌ្ឍន៍ណាមួយរបស់បស្ចិមប្រទេស នោះទេ។ យើងកំពុងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងដ៏ល្អរបស់យើងយើងមានព្រំប្រទល់ដីវែងបំផុតមួយក្នុងពិភពលោក»។

ជាងនេះទៅទៀត លោក Sanakoev បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន រួមទាំងព័ត៌មានផងដែរ “ដើម្បីជំរុញឱ្យមានជម្លោះរវាងរុស្ស៊ី និងចិន ដោយលើកហេតុផលថា ប្រទេសទាំងនោះមិនមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចច្រើនទេ” ។ លោកបានបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណូលពាណិជ្ជកម្មរវាងប្រជាជាតិទាំង២ បាននិងកំពុងកើនឡើងពី ២០ ទៅ ៣០% ជារៀងរាល់ឆ្នាំ។

យោងតាមអ្នកជំនាញរូបនេះ គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងពង្រឹង ការវិនិយោគទៅវិញទៅមកកំពុងកើនឡើង ជាពិសេសក្នុងវិស័យដូចជា ឧស្សាហកម្ម អាកាសចរណ៍ អវកាស និងថាមពលនុយក្លេអ៊ែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top