ព័ត៌មានអន្តរជាតិ

Update​ ៖ អ៊ុយក្រែន ប្រកាសថា ដណ្តើមបានតំបន់ សហគមន៍ជាច្រើន មកវិញ នៅភាគខាងកើត និងខាងត្បូង ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ច ក្នុងទឹកដីរបស់ខ្លួន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានអបអរសាទរ ចំពោះការវាយលុក ដោយផ្លេកបន្ទោរ ដែលខ្លួនបានប្រកាសថា បានដណ្តើមយកមកវិញ នូវទឹកដីរបស់ខ្លួននៅភាគខាងកើត និងខាងត្បូង ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានមកទស្សនកិច្ចក្នុងប្រទេសនេះ ដើម្បីសន្យាផ្តល់ជំនួយបន្ថែមទៀត ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថា តាមវីដេអូថា កងកម្លាំងរបស់ទីក្រុង គៀវ បាន “រំដោះការតាំងទីលំនៅ រាប់សិបកន្លែង” និងបានដណ្តើមយកមកវិញ នូវទឹកដីចំនួន១.០០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងខាងត្បូងចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ។

លោក Zelenskyy ក៏បានបង្ហោះវីដេអូដែលទាហានអ៊ុយក្រែន បានអះអាងថា បានដណ្តើមយកទីក្រុង Balakliia ភាគខាងកើតក្បែរក្រុង Kharkiv ដែលជាទីក្រុងធំទី២ ក្នុងប្រទេសអ៊ុយក្រែន ។ ខ្សែវីដេអូ ដែលបានបង្ហោះទៅកាន់អ្នកប្រមូលព័ត៌មាន ដ៏ពេញនិយមរបស់អ៊ុយក្រែន ហាក់ដូចជាបង្ហាញ ជនជាតិរុស្ស៊ី ទុកឡានដឹកទំនិញ កាំភ្លើងធំ និងប្រអប់គ្រាប់រំសេវ នៅពីក្រោយនោះ ។

លោក Vitaly Ganchev មន្ត្រីក្នុងស្រុក ដែលគាំទ្ររុស្ស៊ីបានប្រាប់ដល់ ទូរទស្សន៍រដ្ឋរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានវាយលុកការប៉ុនប៉ង របស់អ៊ុយក្រែនក្នុងការឡោមព័ទ្ធ និងដណ្តើមយកក្រុង Balakliia ដែលគាត់បានលើកឡើងថា នៅតែស្ថិតក្នុងដៃរបស់រុស្ស៊ីដដែលនៅឡើយទេ ។

ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យ អំពីគណនីនៅសមរភូមិបាននោះទេ ។

នៅមុននេះ ឧត្តមសេនីយទោ Oleksiy Gromov របស់អ៊ុយក្រែន បានលើកឡើងថា កងទ័ពបានរុលទៅមុខរហូតដល់៥០គីឡូម៉ែត្រ ពីក្រោយខ្សែបន្ទាត់របស់រុស្ស៊ី និងដណ្តើមបានភូមិជាង២០នៅក្នុងតំបន់ Kharkiv ។

លោក Blinken បានប្រាប់ដល់អ្នកយកព័ត៌មាន មុនពេលចាកចេញពីទីក្រុង គៀវ ថា “យើងបានទទួលអ្វីដែលថ្មីៗដ៏ទូលំទូលាយអំពីការវាយលុក ហើយម្តងទៀត វាលឿនណាស់ ប៉ុន្តែយើងកំពុងឃើញការរីកចំរើនយ៉ាងច្បាស់លាស់ និងពិតប្រាកដនៅលើមូលដ្ឋាន ជាពិសេសនៅជុំវិញក្រុង Kherson ប៉ុន្តែក៏មានការអភិវឌ្ឍន៍គួរឱ្យចាប់អារម្មណ៍ មួយចំនួននៅក្នុង តំបន់ Donbas នៅប៉ែកខាងកើតផងដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top