ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ផលិតយន្ដហោះដ្រូនអ៊ីរ៉ង់ និងព្រមានប្រទេសផ្សេងទៀតកុំឲ្យគាំទ្រ និងអភិវឌ្ឍឧបករណ៍ជួយដល់សត្រូវអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតយន្តហោះដ្រូនជាច្រើនរបស់អ៊ីរ៉ង់ សម្រាប់ការជួយដល់យោធារុស្ស៊ី ដោយព្រមានប្រទេសផ្សេងទៀត កុំឱ្យគាំទ្រ ឬអភិវឌ្ឍឧបករណ៍ ដែលផ្តល់ផលប្រយោជន៍ដល់សត្រូវ របស់អ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង ក្រុមហ៊ុនអ៊ីរ៉ង់ចំនួនបី និងបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់ (UAVs)។  

លោក Brian E. Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់អំពើភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា សហរដ្ឋអាមេរិក “នឹងមិនស្ទាក់ស្ទើរ” ដើម្បីកំណត់គោលដៅអ្នកផលិត UAV ដែលរួមចំណែកដល់ភេរវករ នៅមជ្ឈិមបូព៌ា និងអស្ថិរភាពក្នុងតំបន់នោះទេ។

លោក Nelson បានលើកឡើងថា “រុស្ស៊ីកំពុងធ្វើការជ្រើសរើសយន្ដហោះដ្រូន ដើម្បីបន្តសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ជាពិសេសនៅពេលប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលមិនធ្លាប់មានពីមុនមករបស់យើង” ។  

លោកបន្ដថា “សហរដ្ឋអាមេរិក ប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់យើង ប្រឆាំងនឹងរុស្ស៊ី និងអ៊ីរ៉ង់ និងការទទួលខុសត្រូវរបស់អ៊ីរ៉ង់ និងអ្នកដែលគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។

កាលពីចុងខែសីហា មន្ទីរបញ្ចកោណបានបញ្ជាក់ពីការដឹកជញ្ជូនយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ដោយអ្នកជំនាញយោធា បានសម្តែងការប្រុងប្រយ័ត្ន ចំពោះលទ្ធភាពជោគជ័យរបស់ពួកគេ ដោយសារតែការហ្វឹកហាត់ដែលត្រូវការ និងភាពច្បាស់លាស់របស់ពួកគេក្នុងការបាញ់គោលដៅផ្លាស់ទី ដូចជាប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។  

រួមបញ្ចូលនៅក្នុងការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍ គឺជាយន្តហោះដ្រូនស៊េរី Shahed សម្រាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងកងកម្លាំងអាកាសយានិក និងកងនាវាចរ។  វាត្រូវបានគេរាយការណ៍នៅក្នុងខែសីហាថា ប្រទេសអ៊ីរ៉ង់បានបង្ហាញយន្តហោះដ្រូនពីរម៉ូដែល គឺ Shahed-129 និង Shahed-191- ទៅប្រទេសរុស្ស៊ី ក្នុងខែមិថុនា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top