ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ថ្លែងថា នៅក្នុងខែនេះកងកម្លាំងអ៊ុយក្រែន ដណ្តើមបានទឹកដីមកវិញ ប្រមាណជាង ៦.០០០គីឡូម៉ែត្រក្រឡាពីរុស្ស៊ី

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយក ទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេបន្តការ វាយលុករបស់ពួកគេ ។

លោក Volodymyr Zelensky បានថ្លែងថា កងទ័ពឥឡូវនេះបានដណ្តើមយកផ្ទៃដីជាង ៦.០០០គីឡូម៉ែត្រក្រឡា ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញានេះ នៅភាគខាងកើត និងភាគខាងត្បូង ។

ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់តួលេខ ទាំងនេះបាននោះទេ ។

រុស្ស៊ី បានទទួលស្គាល់ការបាត់បង់ ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kharkiv នៅភាគឦសាន ក្នុងអ្វីដែលអ្នកជំនាញយោធា មួយចំនួនមើលឃើញថា ជារបកគំហើញដ៏មាន សក្តានុពលនៅក្នុងសង្គ្រាម ។

ក្រុងម៉ូស្គូពិពណ៌នាពីការដកទ័ព របស់ខ្លួនចេញពីតំបន់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ជា “ការប្រមូលផ្តុំឡើងវិញ” ក្នុងគោលបំណងផ្តោតលើតំបន់ Luhansk និង Donetsk នៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន ។

ការអះអាងនោះត្រូវបានគេសើចចំអក សូម្បីតែនៅក្នុងប្រទេសរុស្ស៊ី ដោយអ្នកប្រើបណ្ដាញសង្គមជាច្រើន នៅទីនោះពណ៌នាពីការ ដកខ្លួនចេញនោះថា ជា “រឿងគួរឲ្យអាម៉ាស់” ។

ថ្លែងនៅយប់ថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា កងកម្លាំងអ៊ុយក្រែន បានធ្វើឱ្យ “មានការរីកចម្រើនគួរឱ្យកត់សម្គាល់” ក្នុងការប្រឆាំងការវាយលុករបស់ពួកគេ ប៉ុន្តែបានបន្ថែមថា វាលឿនពេកក្នុងការទស្សន៍ទាយលទ្ធផលនេះ ។

លោក Blinken បានថ្លែងថា “ជនជាតិរុស្សី រក្សាបាននូវកងកម្លាំង សំខាន់ៗនៅក្នុងអ៊ុយក្រែន ក៏ដូចជាឧបករណ៍ និងអាវុធ និងគ្រាប់បែក ។ ពួកគេនៅតែបន្តប្រើប្រាស់វាដោយ មិនរើសអើងប្រឆាំងនឹង កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចដែលយើងបានឃើញស្រាប់ហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top