ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឱ្យអាមេរិក បញ្ចប់ភេរវកម្មសេដ្ឋកិច្ចប្រឆាំង នឹងជនជាតិរបស់ខ្លួន

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានជំរុញឱ្យសហរដ្ឋអាមេរិក ដក “អំពើភេរវកម្មសេដ្ឋកិច្ច” របស់ខ្លួនប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ ជំនួសឱ្យការយំ “ទឹកភ្នែកក្រពើ” ចំពោះការស្លាប់របស់ស្ត្រីអ៊ីរ៉ង់។

ការកត់សម្គាល់នៅក្នុងប្រតិកម្ម ចំពោះការព្រួយបារម្ភរបស់ទីក្រុង វ៉ាស៊ីនតោន ចំពោះការស្លាប់នាពេលថ្មីៗនេះរបស់ Mahsa Amini ស្ត្រីអាយុ ២២ឆ្នាំនៅក្នុងមន្ទីរឃុំឃាំង របស់ប៉ូលីស នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះលោក Amir-Abdollahian បានលើកឡើងថា ការស៊ើបអង្កេតមួយត្រូវ បានធ្វើឡើងចំពោះ “ការស្លាប់ដ៏សោកសៅ” របស់នាង។

នាង Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីការឃុំឃាំងរបស់ប៉ូលីស នៅទីក្រុងតេអេរ៉ង់ ដែលបង្កឱ្យមានកំហឹងជាសាធារណៈ និងការអាណិតអាសូរក្នុង ចំណោមប្រជាជនអ៊ីរ៉ង់ ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសរសេរ នៅលើ Twitter ថា “យើងនឹងបន្តឱ្យមន្ត្រីអ៊ីរ៉ង់ ទទួលខុសត្រូវចំពោះការរំលោភ សិទ្ធិមនុស្សបែបនេះ” ដោយ លោក Amir-Abdollahian បានឆ្លើយតបថា មន្ត្រីសហរដ្ឋអាមេរិក បានមើលឃើញសិទ្ធិមនុស្សជា “ឧបករណ៍ប្រឆាំងនឹងសត្រូវ”។

នៅក្នុងនោះដែរ លោកបានកត់សម្គាល់ថា “ជំនួសឱ្យការស្រក់ទឹកភ្នែកក្រពើ សហរដ្ឋអាមេរិក ត្រូវតែបញ្ចប់អំពើភេរវកម្មសេដ្ឋកិច្ច” ប្រឆាំងនឹងជនជាតិអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top