ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន កូរ៉េខាងត្បូង បើកសមយុទ្ធប្រឆាំងនាវាមុជទឹក ខណៈកំពុងមានការ គំរាមកំហែងពីកូរ៉េខាងជើង 

តូក្យូ៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសុក្រនេះ បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ចំពេលមានការព្រួយបារម្ភលើការគំរាមកំហែង ដែលអាចបង្កឡើងដោយកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ចេញពីកូរ៉េខាងជើង។

សមយុទ្ធត្រីភាគីរយៈពេលមួយថ្ងៃបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃអាទិត្យ និងម្តងទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សមយុទ្ធប្រឆាំងនាវាមុជទឹកនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានដឹកនាំដោយកងកម្លាំងសហរដ្ឋអាមេរិក ហើយផ្តោតលើការស្វែងរក និងតាមដាននាវាមុជទឹក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធបែបនេះមានគោលបំណងពង្រឹងសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងពីនាវាមុជទឹករបស់កូរ៉េខាងជើង ដែលបានកើនឡើងជាលំដាប់ដោយសារតែការធ្វើឱ្យប្រសើរឡើងនូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី។

សមយុទ្ធនេះមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក Ronald Reagan នាវាពិឃាត Munmu the Great របស់កូរ៉េខាងត្បូង និងនាវាពិឃាត Asahi របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។

វរសេនីយ៍ឯកម្នាក់មកពីកងទ័ពជើងទឹកត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនឹងបន្សាបរាល់ទម្រង់នៃការបង្កហេតុពីកូរ៉េខាងជើង ក្នុងលក្ខណៈដ៏លើសលប់ និងការសម្រេចចិត្ត” ។

សមយុទ្ធនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ទៅកាន់កូរ៉េខាងត្បូង ក្នុងអំឡុងពេលដែលលោកស្រី បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុ ដែលមានសក្តានុពលពីកូរ៉េខាងជើង នាពេលអនាគត៕ប្រែសម្រួល ឈូក បូរ៉ា

To Top