ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គីថា អ៊ុយក្រែន មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៃអាវុធដែលខ្លួនត្រូវការ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានជំរុញប្រទេសលោកខាងលិច ឱ្យផ្គត់ផ្គង់អាវុធប្រឆាំង យន្តហោះបន្ថែមទៀត ដល់អ៊ុយក្រែន ដោយទទូចថា ប្រទេសរបស់លោក បច្ចុប្បន្នមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ នៃអ្វីដែលខ្លួនត្រូវការ។

លោក ហ្សេលេនស្គី បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកបានថ្លែងទៅកាន់ សម័យប្រជុំនៃសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈតំណភ្ជាប់វីដេអូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានប្រាប់ស្ថាប័នឆ្លងប្រទេសថា “សមត្ថភាពរបស់យើងក្នុងការបិទដែន អាកាសគឺមិនគ្រប់គ្រាន់ទេ” ដោយបន្ថែមថា ប្រទេសអ៊ុយក្រែន “ចង់” បានប្រព័ន្ធការពារប្រឆាំងយន្តហោះ “ច្រើន” ពីលោកខាងលិច។

លោក ហ្សេលេនស្គី បានជំរុញឱ្យសមាជិក PACE ផ្សព្វផ្សាយមនោសញ្ចេតនា គាំទ្រអ៊ុយក្រែន គ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន និងតស៊ូមតិ លើការផ្តល់ការការពារប្រឆាំង យន្តហោះទៅកាន់ប្រទេស។ លោកបាននិយាយថា “ខ្ញុំស្នើឱ្យអ្នកគ្រប់កម្រិតទាំងអស់ ក្នុងនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការទំនាក់ទំនង ជាមួយអ្នកបោះឆ្នោត គាំទ្រការផ្គត់ផ្គង់ប្រព័ន្ធការពារ ដែនអាកាស និងមីស៊ីលឱ្យបានគ្រប់គ្រាន់ដល់អ៊ុយក្រែន”។

ការអង្វររបស់ប្រធានាធិបតី អ៊ុយក្រែន នេះ ធ្វើឡើងបន្ទាប់ពី មានការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំ ដោយរុស្ស៊ីប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ។ ការវាយប្រហារដែនអាកាស បានកើតឡើងជាការឆ្លើយតបនឹង ការផ្ទុះនៅលើស្ពាន Crimean កាលពីចុងសប្តាហ៍។ រដ្ឋាភិបាលទីក្រុងមូស្គូ បានស្តីបន្ទោសទីក្រុងគៀវ ចំពោះឧបទ្ទវហេតុ ស្ពាននេះ ដោយបានចាត់ទុក ការបំផ្ទុះនេះថាជា “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងប្រទេសរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top