ព័ត៌មានអន្តរជាតិ

បេឡារូស​ បង្ហាញផែនការថ្មី នៃកងកម្លាំងសម្ព័ន្ធមិត្ត រវាងរុស្សីនិងបេឡារូស

បរទេស ៖ ប្រធានាធិបតី នៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថាប្រទេស បេឡារូសបានចាប់ផ្តើម អនុវត្តផែនការថ្មី មួយហើយ ដែលអាចឲ្យកងកម្លាំងយោធា រវាងប្រទេសរុស្សីនិងបេឡារូស ធ្វើការជាមួយគ្នាលើទឹកដីរបស់ខ្លួន ។

លោកប្រធានាធិបតី បានគូសបញ្ជាក់អំពីបំណង និងអត្ថប្រយោជន៍អំពីផែនការ បញ្ចូលកងកម្លាំងរវាងគ្នាលើកនេះ គឺធ្វើឡើងនៅចំពេលដែលប្រទេស កំពុងមានភាពតានតឹងតាមតំបន់ព្រំដែនផង និងជាពិសេសដើម្បីប្រឈមមុខទៅនឹងបញ្ហា គម្រាមកំហែងដោយសារ តែសកម្មភាពភេវរកម្មផង។

លោកប្រធានាធិបតី បានថ្លែងបែបនេះថា ពួកយើងបានចាប់ផ្តើមអនុវត្តការងារនេះ ហើយដោយមានការចូលរួមពាក់ព័ន្ធ រវាងកងកម្លាំងនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើ ការបង្កើតអង្គភាពយោធាថ្មី របស់បេឡារូសនិងស្ថិតនៅក្រោមការគាំទ្រ ពីសំណាក់អង្គភាពយោធារុស្សី ហើយមិនមានអ្វីប្រែប្រួល ខុសពីផែនការ នោះឡើយ។

ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី មិនបានលំអិតថា កងកម្លាំងទាំងនោះនឹងត្រូវដាក់ពង្រាយ ទៅកាន់ទីតាំងណាឲ្យច្បាស់លាស់នោះដែរ ប៉ុន្តែជឿជាក់ថាកម្លាំងយោធា របស់បេឡារូស ដែលចូលរួមសរុបនឹង អាចមានប្រមាណជា៧០០០០នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top