ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ជំនួយយោធា ជាង១០០លានដុល្លារ ឲ្យហ្វីលីពីន

បរទេស ៖ កាលពីថ្ងៃសុក្រម្សិមិញនេះ សហរដ្ឋអាមេរិក បានប្រកាសបង្ហាញ នូវកញ្ចប់ជំនួយយោធា ដែលមានតម្លៃប្រមាណជាង ១០០លានដុល្លារ ដែលជាកញ្ចប់ថវិកា ក្រោមគម្រោងជំនួយបរទេស ទៅឲ្យប្រទេសហ្វីលីពីន ។

សេចក្តីប្រកាសដែលត្រូវ បានធ្វើឡើង ដោយទូតអាមេរិកប្រចាំក្នុងទីក្រុងម៉ានីល ហើយបញ្ជាក់ទៀតថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងបង្កើនសមត្ថភាព ការពារជាតិ សម្រាប់ប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះនិង ជាពិសេសការធ្វើទំនើបកម្មយោធា។

ជំនួយយោធានេះ ផងដែរក៏ ស្ថិតនៅក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងចំណងទំនាក់ទំនងយោធា រវាងប្រទេសទាំងពីរ ស្ថិតនៅក្រោមការដឹកនាំ របស់ប្រធានាធិបតី ហ្វីលីពីនថ្មី លោក Ferdinand Marcos Jr ដែលទើបបានឡើង មកកាន់តំណែង។

គួរឲ្យដឹងដែរថា ប្រទេសហ្វីលីពីនបច្ចុប្បន្នគឺ ជាអតិថិជនដែលជាអ្នកទិញ អាវុធពីសហរដ្ឋអាមេរិកច្រើន ជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអាចទទួលបាន អាវុធមានតម្លៃ ប្រមាណជា១,១៤ពាន់លានដុល្លារ មកហើយ ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២២ ដែលរួមមានទាំងយន្តហោះចម្បាំង រថយន្តយោធាអាវុធខ្នាតតូចនិង សំភារៈយោធាជាច្រើនមុខផ្សេងទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top