ព័ត៌មានអន្តរជាតិ

ថៃ ចេញ​ការ​ព្រមាន​ ពី​ភ្លៀង​ធ្លាក់​ខ្លាំង និងទឹកជំនន់ នៅ​ភាគ​ខាង​ត្បូងប្រទេស

បាងកក៖ នាយកដ្ឋានឧតុនិយម របស់ប្រទេសថៃ បានចេញការព្រមាន អំពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលអាចកើតមាននៅក្នុងតំបន់ ភាគខាងត្បូង របស់ប្រទេសនេះ។

ដោយសារឥទ្ធិពលខ្យល់បក់បោក បក់ពីទិសនិរតី មកលើសមុទ្រ Andaman អាជ្ញាធរបានក្រើនរំលឹក ប្រជាពលរដ្ឋនៅខេត្តភាគខាងត្បូង ឱ្យត្រៀមលក្ខណៈ សម្រាប់ភ្លៀងធ្លាក់ខ្លាំង រលកបក់បោក និងខ្យល់បក់បោកខ្លាំង នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក កោះទេសចរណ៍ភូកេត គឺជាផ្នែកមួយ នៃតំបន់ដែលមានការប្រុងប្រយ័ត្ន។ កោះនេះកាលពីថ្ងៃអាទិត្យ បានទទួលរងនូវទឹកជំនន់ដ៏ធំ ដែលនាំឱ្យមានការស្ទះចរាចរណ៍ និងផ្លូវទឹកលិច។

ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចកើតមានបន្ថែមទៀត ពេលនេះអាជ្ញាធរកំពុងយកចិត្តទុកដាក់ លើតំបន់ដែលមានជំនន់ទឹកភ្លៀងលើសពី ៩០ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង និងរៀបចំបុគ្គលិក គ្រឿងចក្រ ឧបករណ៍ និងប្រព័ន្ធទំនាក់ទំនងបម្រុង ដើម្បីរួមបញ្ចូលជាបន្ទាន់ និងការត្រៀមខ្លួនជំនួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top