ព័ត៌មានអន្តរជាតិ

តុលាការមីយ៉ាន់ម៉ា កាត់ទោសអតីតសមាជិកសភាម្នាក់ ឱ្យជាប់គុករហូតដល់ ១៧៣ឆ្នាំ

បរទេស៖ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ដែលត្រូវបានទម្លាក់ដាក់ពន្ធនាគារ រយៈពេល ១៤៨ ឆ្នាំ ដោយបន្ថែមទៅលើការកាត់ទោសពីមុន ដែលឥឡូវនេះនឹងឃើញ លោក Win Myint Hlaing អាយុ ៥២ ចំណាយសរុបពេល ១៧៣ ឆ្នាំ​ នៅក្នុងពន្ធនាគារ។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការកាត់ទោសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដល់លោក Win Myint Hlaing បន្ទាប់ពីការកាត់ទោសរបស់លោក លើការចោទប្រកាន់ពីបទភេរវកម្ម ហាក់ដូចជាការជាប់ពន្ធនាគារ រយៈពេលវែងបំផុតសម្រាប់សមាជិកណាមួយ នៃរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi និងគណបក្ស NLD ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

កាលពីថ្ងៃច័ន្ទ តុលាការនៅស្រុក Magway ដែលស្ថិតនៅចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានីពាណិជ្ជកម្មទីក្រុង Yangon បានរកឃើញថា លោក Win Myint Hlaing មានពិរុទ្ធពីបទឧក្រិដ្ឋចំនួន ៨ ក្រោមច្បាប់ប្រឆាំងភេរវកម្ម ហើយបានកាត់ទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល ១៤៨ឆ្នាំ, នេះបើតាមអ្នកដែលដឹងពីដំណើរការផ្លូវច្បាប់បានប្រាប់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារខ្លាចមានការចាប់ខ្លួន។

ជននោះបាននិយាយថា លោក Win Myint Hlain ត្រូវបានកាត់ទោសរួចហើយកាលពីខែមីនា មេសា និងខែមិថុនា ពីបទញុះញង់ និងអំពើភេរវកម្ម ដែលលោកបានទទួលការកាត់ទោសសរុបចំនួន ២៥ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top