ព័ត៌មានអន្តរជាតិ

ការផ្លាស់មកប្រើប្រាស់ រថយន្តអគ្គិសនីទាំងស្រុង នៅអឺរ៉ុបនឹងធ្វើឲ្យបាត់បង់ ការងារជាងកន្លះលាននាក់ 

បរទេស៖ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ របស់គណកម្មការសហភាពអឺរ៉ុបលោក Thierry Breton កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងថា នៅក្នុងអំឡុងពេលនៃការវិវត្តផ្លាស់ប្តូរការប្រើប្រាស់ រថយន្តអគ្គិសនី នៅទូទាំងប្លុកនោះអឺរ៉ុប នឹងអាចបាត់បង់ការងារ សរុបដល់ទៅជាង៦០ម៉ឺននាក់។

មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងដែរថា វាគឺជាផែនការដែលត្រូវតែសម្រេចឲ្យបានរបស់ប្លុកអឺរ៉ុប ដោយធ្វើយ៉ាងណាឲ្យការកាត់បន្ថយការប្រើប្រាស់ កាបូននឹងធ្វើទៅបាន១០០ភាគរយនៅត្រឹមឆ្នាំ២០៣៥ដូចនេះការហាមប្រាមលក់ រថយន្តដោយថាមពលឥន្ធនៈ និងការជម្រុញការលក់រថយន្តអគ្គិសនី គឺជារឿងចាំបាច់បំផុត។

លោកបានបញ្ជាក់បែបនេះថា៖ វិស័យរថយន្តនៅក្នុងទ្វីបអឺរ៉ុប បានផ្តល់ការងារដល់មនុស្ស ប្រមាណជា១២,៧លាននាក់ដែលត្រូវជា៦,៦ភាគរយនៃកិច្ចការងារទាំងអស់ ដែលមាននៅក្នុងប្លុកប៉ុន្តែនៅពេលដែលការផ្លាស់ប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី វានឹងធ្វើឲ្យការងារក្នុងវិស័យនេះ បាត់បង់ប្រមាណជា៦០ម៉ឺននាក់។

ទោះបីជាយ៉ាងណាក្តីក្រុមការងារ របស់សហភាពអឺរ៉ុបបាននឹងកំពុងព្យាយាមធ្វើការដោះស្រាយ បញ្ហាទាំងនេះហើយដូចជាការបង្កើតការងារថ្មី សម្រាប់ក្រុមមនុស្សដែលបាត់បង់ការងារទាំងនោះឲ្យទៅធ្វើការងារនៅក្នុងផលិតកម្មថ្មីៗ ដូចជាការផលិតថ្មសម្រាប់រថយន្តជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top