ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អង់​គ្លេស​ គាំទ្រ​អ៊ុយក្រែន​ ជាមួយ​នឹង​សព្វាវុធ ​ដែលចូល​និវត្តន៍

បរទេស៖ ចក្រភពអង់គ្លេស នឹងបញ្ជូនឧទ្ធម្ភាគចក្រ ទៅកាន់អ៊ុយក្រែន ដែលនឹងក្លាយជាយន្តហោះដំបូងគេ ដែលផ្តល់ដល់ទីក្រុងគៀវ ដោយទីក្រុងឡុងដ៍ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Ben Wallace បានប្រកាសកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាម BBC និង The Times គឺ ការដឹកជញ្ជូនរួមមានអតីតយោធាអង់គ្លេសបីគ្រឿង Sea Kings ដែលមួយក្នុងចំណោមនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចហើយ។

រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស បានធ្វើសេចក្តីប្រកាសនៅទីក្រុង Oslo ជាកន្លែងដែលលោកពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ ជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងឡុងដ៍។ លោកបាននិយាយថា សមាជិកសេវាអ៊ុយក្រែន បានធ្វើការហ្វឹកហាត់ក្នុងប្រទេសអង់គ្លេស ដើម្បីប្រតិបត្តិការ និងថែទាំយន្តហោះ ដែលមានបំណងប្រើប្រាស់ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

លោក Wallace ក៏បានកត់សម្គាល់ផងដែរថា ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអ៊ុយក្រែននូវសំបកគ្រាប់ផ្លោង បន្ថែមចំនួន ១០ ០០០ សម្រាប់បំណែកកាំភ្លើងធំដែលមិនបានបញ្ជាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top