ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១០នាក់ នៅក្នុងហេតុការណ៍អគ្គីភ័យមួយ​ កើតឡើងនៅតំបន់ភាគខាងលិច ប្រទេសចិន

ស៊ីចាង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពលរដ្ឋចំនួន១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែង ក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់ស៊ីចាង (Xinjiang) ភាគខាងលិចនៃប្រទេសចិន ។

ហេតុការណ៍នេះបានធ្វើឱ្យផ្ទុះកំហឹងយ៉ាងខ្លាំង នៅតាមប្រព័ន្ធអ៊ីនធើរណេត ។ ទីក្រុងនេះស្ថិតនៅក្រោម ការរឹតបន្តឹងពីជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងចាប់តាំងពីដើមខែសីហា ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា បរិវេណនេះត្រូវបានចាត់ថ្នាក់ថា មានហានិភ័យទាប សម្រាប់ជំងឺកូវីដ-១៩ ហើយអ្នកស្រុកអាចចុះទៅជាន់ក្រោមបាន ។

ប៉ុន្តែអ្នកស្រុកម្នាក់បានប្រាប់ដល់ទូរទស្សន៍ BBC ថា ប្រជាជនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីផ្ទះរបស់ពួកគេក្នុងរយៈពេលខ្លីប៉ុណ្ណោះក្នុង១ថ្ងៃ ហើយពេលវេលាត្រូវបាន គ្រប់គ្រងដោយអាជ្ញាធរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពលរដ្ឋចំនួន៩នាក់ទៀត បានរងរបួសក្នុងគ្រោះអគ្គិភ័យនេះ ។

គួរបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី១៥ នៃអគារនៅម៉ោងប្រហែល ១៩និង៥០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៥០នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរាលដាលដល់ជាន់ខ្ពស់ជាងនេះ ។ អគ្គីភ័នេះត្រូវបានពន្លត់ ដោយប្រើពេលជិត៣ម៉ោងក្រោយមក ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ទុស្សេខ្សែភ្លើង គឺជាមូលហេតុនៃអគ្គីភ័យនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top