ព័ត៌មានអន្តរជាតិ

ក្តៅគគុក! ក្រុមបាតុករ អំពាវនាវឲ្យលោក ហ្ស៊ី ជិនពីង ចុះចេញពីតំណែង ខណៈប្រឆាំងតវ៉ានឹងវិធានការណ៍កូវីដ-១៩

ចិន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការតវ៉ាប្រឆាំងនឹងវិធានការណ៍ជំងឺកូវីដ-១៩ ដ៏តឹងរឹងនៅក្នុងប្រទេសចិន បានផ្ទុះឡើងរហូតដល់យប់ថ្ងៃទី២ ហើយបានរីករាល ដាលដល់ទីក្រុងធំៗ ។
ក្រុមបាតុករប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉េកាំង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏ធំក្រុងសៀងហៃ ដែលអ្នកខ្លះបានអំពាវនាវឱ្យប្រធានាធិបតី ហ្ស៊ី ជិនពីង ចុះចេញពីតំណែង ។

ក្រុមបាតុករខឹងសម្បារ ចំពោះវិធីសាស្រ្តសូន្យ-កូវីដ របស់លោក ហ្ស៊ី ដែលពាក់ព័ន្ធនឹងការធ្វើតេស្តទ្រង់ទ្រាយធំ ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងការបិទខ្ទប់ជាដើម ។

ភាពចលាចលចុងក្រោយនេះ បន្ទាប់ពីការតវ៉ានៅក្នុងទីក្រុង Urumqi ភាគពាយ័ព្យ ដែលមនុស្ស១០នាក់បានស្លាប់នៅក្នុងភ្លើងឆេះអគារ ។

ក្រុមអ្នកតវ៉ាបានស្តីបន្ទោសច្បាប់បិទខ្ទប់ ចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ប៉ុន្តែអាជ្ញាធរបដិសេធចំពោះរឿងនេះ ។

ការតវ៉ាក៏បានកើតឡើងនៅភាគនិរតីនៃទីក្រុង Chengdu និងទីក្រុងកណ្តាល Xi’an និង Wuhan ផងដែរ ។

គេបានដឹងថា ទីក្រុង Wuhan ជាកន្លែងដែលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដំបូងបង្អស់កាលពីជិត៣ឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top