ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ក្នុងរយៈពេល ២សប្ដាហ៍ រុស្ស៊ីបាត់បង់ទាហានជាង ៦០០០នាក់

គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបាត់បង់កងទ័ពរបស់លោកជាង ៦០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសបន្ថែមទៀតដល់ចំនួនអ្នកស្លាប់រុស្ស៊ី ដែលប៉ាន់ស្មានថា មានច្រើនពីសង្គ្រាមនៅអ៊ុយក្រែន។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងការប៉ាន់ប្រមាណចុងក្រោយរបស់ខ្លួន កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបាត់បង់បុគ្គលិកចំនួន ៨៨៨៨០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ។ នេះគឺជាការកើនឡើងចំនួន ៦១៧០នាក់ ពីចំនួនអ្នកស្លាប់របស់ទាហានរុស្ស៊ី ដែលបានប៉ាន់ស្មានមានចំនួន ៨២៧១០នាក់ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា។ 

យោងតាមអគ្គសេនាធិការអ៊ុយក្រែន បានឱ្យដឹងថា ក្រៅពីការបាត់បង់កងទ័ពរាប់ពាន់នាក់ រុស្ស៊ីក៏បានប្រឈមមុខនឹងការខាតបង់កាំភ្លើងធំ និងរថយន្តយ៉ាងច្រើនផងដែរ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។  

ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃពុធម្សិលមិញនេះ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់រថក្រោះចំនួន ៤៣ គ្រឿង រថពាសដែក ៧៥ គ្រឿង និងរថយន្ត និងធុងសាំងចំនួន ៦៩ គ្រឿង នេះបើយោងតាមការគណនារបស់ Newsweek ។

បន្ទាប់ពីរយៈពេលជាង ៩ខែនៃសង្រ្គាមដែលអ្នកខ្លះរំពឹងថា នឹងនាំឱ្យរុស្ស៊ីទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស កងទ័ពរបស់លោក ពូទីន មិនទាន់សម្រេចបាននូវគោលដៅ ដែលបានបញ្ជាក់របស់លោកដើម្បី “កំទេចយោធា និងលុបបំបាត់ណាហ្ស៊ីអ៊ុយក្រែន” នៅឡើយទេ។  

ទន្ទឹមនឹងនេះដែរ នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រឈមមុខ នឹងការបរាជ័យដ៏អាម៉ាស់ជាច្រើន រួមទាំងការកើនឡើងនៃការវាយលុករបស់អ៊ុយក្រែន និងការដកខ្លួនចេញពីទីក្រុង Kherson នៅតំបន់ភាគខាងត្បូង។

លោក Dan Soller អតីតវរសេនីយឯកចារកម្មកងទ័ពអាមេរិក បានប្រាប់សារព័ត៌មាន Newsweek កាលពីសប្តាហ៍មុនថា បន្ទាយព្រំដែនរុស្ស៊ី នៅជិតតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលជាតំបន់មួយក្នុងចំណោមតំបន់ ដែលអ៊ុយក្រែនកំពុងធ្វើការវាយលុក ឆ្លុះបញ្ចាំងថា រុស្ស៊ីត្រូវតែដើរលើការការពារ ជាជាងការវាយលុកនៅក្នុងតំបន់សង្គ្រាម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top