ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សាប៉ង់តាហ្គោន​ អះអាងថាលោក Zelensky ធ្លាប់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រែអ៊ុយក្រែន ជាប្រទេសអព្យាក្រិត

បរទេស៖ អតីតមេបញ្ជាការយោធាចូលនិវត្តរបស់អាមេរិក និងក៏ជាអតីតទីប្រឹក្សាមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក លោក Douglas MacGregor កាលពីថ្ងៃអាទិត្សម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy គឺធ្លាប់បានត្រៀមខ្លួនរួចរាល់ទៅហើយតាំងតែពីខែមីនា ដើម្បីបំពេញតាមការចង់បាន និងទាមទាររបស់រុស្សី។

លោកពន្យល់ថាអ៊ុយក្រែននឹងប្រែក្លាយខ្លួន ជាប្រទេសអព្យាក្រិត ដែលមិនលំអៀងទៅខាងណាឡើយ ដើម្បីអាចបញ្ចប់ប្រតិបត្តិការយោធារបស់រុស្សី ប៉ុន្តែក្រោយមកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្យាយាមរារាំង មិនឲ្យដំណើរការនេះបន្តទៅមុខ។

លោកបានបកស្រាយទៀតថា កាលពីខែមិនានោះផងដែរគណប្រតិភូទាំងអ៊ុយក្រែន និងរុស្សីបានអង្គុយទល់មុខគ្នា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ដែលជាពេលដែលរដ្ឋាភិបាលក្រុងគៀវ គ្រោងនឹងបញ្ចាក់សាជាថ្មីថាខ្លួន នឹងមិនចូលរួមសម្ព័ន្ធភាពអង្គការណាតូទៀតឡើយ ដើម្បីអាចឲ្យរុស្សីយល់ព្រមក្នុងការដកទ័ពចេញវិញទាំងអស់ ពីអ៊ុយក្រែន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកលោក Zelensky បែរជាបាននិយាយថា លោកបានរកឃើញភស្តុតាងមួយចំនួន អំពីបទឧក្រិដ្ឋសង្គ្រាម ដោយប្រទេសរុស្សីទៅវិញ។

លោក Douglas បន្តថា៖លោក Boris Johnson ដែលជាអ្នកតំណាងឲ្យអាមេរិក បានចេញមកនិយាយថារឿងនេះ មិនកើតឡើងឡើយអង់គ្លេស នឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។
អ៊ុយក្រែនត្រូវតែឈរលើជំហរបស់ខ្លួន ហើយតតាំងដើម្បីការពារ បូរណភាពដែនដីខ្លួនឯងឲ្យបាន៕​ ​ប្រែសម្រួល៖ស៊ុនលី

To Top