ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ច្រានចោលការ ចោទប្រកាន់ដែលថា ខ្លួនបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី

បរទេស ៖ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ នៅថ្ងៃសុក្របានច្រានចោលរបាយការណ៍ដែលថា ខ្លួនបានផ្គត់ផ្គង់ សព្វាវុធដល់រុស្ស៊ីថាជា ” កលល្បិចសម្រាប់បំភាន់ ដែលមិនសមហេតុផលបំផុត” ។ សេតវិមាន និងបេសកជន អាមេរិកប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា បាន “បញ្ជាក់” ការផ្ទេរសព្វាវុធនេះ បានធ្វើឡើងកាលពីខែមុន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “របាយការណ៍មិនពិត ដែលថាកូរ៉េខាងជើង បានផ្តល់អាវុធឱ្យរុស្ស៊ី គឺជាកលល្បិចសម្រាប់បំភាន់ ដែលមិនសមហេតុផលទាល់តែសោះ ដែលមិនមានតម្លៃ ក្នុងការធ្វើអត្ថាធិប្បាយ ឬការបកស្រាយណាមួយឡើយ” ។ “កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរនៅក្នុងជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហា “ប្រតិបត្តិការអាវុធ” រវាងកូរ៉េខាងជើង និងរុស្ស៊ី ឡើយ។

លោកបានបន្ថែមថា សហគមន៍អន្តរជាតិគួរតែ “ផ្តោតលើអំពើឧក្រិដ្ឋកម្ម របស់សហរដ្ឋអាមេរិក ដែលនាំមកនូវការបង្ហូរឈាម និងការបំផ្លិចបំផ្លាញ ដល់ប្រទេសអ៊ុយក្រែន ដោយផ្តល់ឱ្យអ៊ុយក្រែន នូវប្រភេទផ្សេងៗ នៃអាវុធធុនធ្ងន់ និងឧបករណ៍ក្នុងទ្រង់ទ្រាយធំ” ជំនួសឱ្យ “ទ្រឹស្តីគ្មានមូលដ្ឋាន” ដែលថា ទីក្រុងព្យុងយ៉ាងកំពុងលក់អាវុធ ទៅកាន់ប្រទេសរុស្ស៊ី ៕

To Top