ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ការធ្វើពាណិជ្ជកម្ម រវាងកូរ៉េខាងជើង និងអង់គ្លេស កើនឡើងជាងទ្វេដង

បរទេស៖ របាយការណ៍មួយ បានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយចក្រភពអង់គ្លេស បានកើនឡើងជាងពីរដង ក្នុងរយៈពេលមួយឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញាឆ្នាំមុន បើទោះបីជាមានការរាតត្បាត នៃជំងឺកូវីដ-១៩ក៏ដោយ។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា តម្លៃនៃប្រតិបត្តិការទំនិញ និងសេវាកម្មរបស់ចក្រភពអង់គ្លេស ជាមួយកូរ៉េខាងជើងមានចំនួន ១០៤ លានផោន (១២៧ លានដុល្លារ) ក្នុងរយៈពេលដែលបានលើកឡើង កើនឡើង ១១៦,៧ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ។

ការនាំចេញរបស់ចក្រភពអង់គ្លេស ទៅកាន់ភាគខាងជើង បានកើនឡើង ១៧៤,១ ភាគរយ ដល់ ៧៤ លានផោនក្នុងអំឡុងខែតុលា ឆ្នាំ ២០២១ ដល់ខែកញ្ញា ឆ្នាំ ២០២២។ របាយការណ៍បន្តថា ការនាំចូលរបស់ពីកូរ៉េខាងភាគខាងជើងវិញ គឺបានកើនឡើង ៤៣ ភាគរយ ដល់ ៣០ លានផោន។

ការនាំចេញសេវាកម្មមានចំនួនជិត ១០០ ភាគរយនៃការនាំចេញក្រៅប្រទេស របស់ចក្រភពអង់គ្លេស ទៅកាន់ប្រទេសកូរ៉េខាងជើង ប៉ុន្តែរបាយការណ៍នេះមិនបានបញ្ជាក់ ពីប្រភេទនៃសេវាកម្មដែលត្រូវបានផ្តល់នោះទេ ។

គិតត្រឹមចុងខែកញ្ញានេះ ប្រទេសកូរ៉េខាងជើងគឺជា ដៃគូពាណិជ្ជកម្មធំជាងគេទី ១៤៩ របស់ចក្រភពអង់គ្លេស ដោយពាណិជ្ជកម្មពីរផ្លូវមានចំនួនតិចជាង ០,១ ភាគរយនៃពាណិជ្ជកម្ម សរុបរបស់ចក្រភពអង់គ្លេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top